ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន Change Financial (CCA) បានឈានដល់ការចុះកិច្ចព្រមព្រៀងផ្តល់អាជ្ញាបណ្ណជាមួយក្រុមហ៊ុន Pi Pay ដែលផ្តល់សេវាទូទាត់គ្មានសាច់ប្រាក់ក្នុងដៃនៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់កាបូបលុយឌីជីថល (digital wallet) និងដំណោះស្រាយទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Market Herald នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។
យោងតាមក្រុមហ៊ុនCCA ដែលមានមូលដ្ឋាននៅអាមេរិក និងបញ្ជីនៅប្រទេសអូស្ត្រាលី បានឱ្យដឹងថា Pi Pay មានបណ្តាញដៃគូជំនួញ និងហិរញ្ញវត្ថុច្រើន រួមទាំងក្រុមហ៊ុន Alipay ក្រុមហ៊ុន WeChat Pay និង Union Pay ជាដើម។
តាមរយៈកិច្ចកិច្ចព្រមព្រៀងនេះ ដំណោះស្រាយច្ចេកវិទ្យារបស់ក្រុមហ៊ុនCCA នឹងអនុញ្ញាតឱ្យ Pi Pay ផ្តល់ជូននូវសេវាកម្មថ្មី ដល់ពាណិជ្ជករ (merchants) ជាង៥០០០នាក់ ក៏ដូចជាកាបូបឌីជីថលដល់អតិថិជនជាង៣៦០.០០០នាក់។
តាមរយៈភាពជាដៃគូ Pi Pay ក៏មានគម្រោងពង្រីកសេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ និងផ្តល់សមត្ថភាពរបស់ខ្លួនដល់ក្រុមហ៊ុនទូទាត់ផ្សេងៗទៀតនៅជុំវិញពិភពលោក។
ក្រុមហ៊ុនទាំងពីរមានបំណងធ្វើការរួមគ្នា ដើម្បីបញ្ចប់នូវល័ក្ខខ័ណ្ឌ ដែល Pi Pay នឹងចែកចាយដល់ដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនCCA ដោយផ្តោតលើតំបន់អាស៊ីអាគ្នេយ៍ អាមេរិកឡាទីន និងអាហ្វ្រិក។
លើសពីនេះទៀត កិច្ចព្រមព្រៀងអាជ្ញាបណ្ណនេះនឹងធ្វើឱ្យក្រុមហ៊ុន CCA ទទួលបានសាច់ប្រាក់៧៤០.០០០ ដុល្លារអាមេរិកនៅក្នុងត្រីមាសបច្ចុប្បន្ន សម្រាប់សេវាកម្មបច្ចេកវិទ្យាគាំទ្រ និងមានអាជ្ញាប័ណ្ណជារៀងរហូតនៅក្នុងប្រទេសកម្ពុជា៕