ដោយៈ ម៉ាណេត
ភ្នំពេញៈ យុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល នឹងជួយគាំទ្រដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២១នេះ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងមានអត្រា៤% ក្នុងបរិបទដែលសេដ្ឋកិច្ចសកលលោកត្រូវបានរំពឹងថានឹងប្រសើរឡើងវិញក្នុងឆ្នាំ២០២១នេះ។
នេះបើយោងតាមការលើកឡើង របស់ធនាគារជាតិនៃកម្ពុជា(NBC) ក្នុងការសៀវភៅរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ (FinancialStability Review2020) កាលពីថ្មីៗនេះ។
ធនាគារជាតិបានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយការប៉ាន់ស្មាននេះ ក៏នៅតែប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារតែវាពឹងផ្អែកលើការងើបឡើងវិញនៃបណ្ដាប្រទេសដៃគូសេដ្ឋកិច្ច និងភាពជោគជ័យក្នុងការគ្រប់គ្រងការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍។
ធនាគារជាតិបានឱ្យដឹងទៀតថា “តែទោះជាយ៉ាងនេះក៏ដោយ សកម្មភាពចាក់វ៉ាក់សាំងរបស់ពិភពលោក និងកម្ពុជាផងនោះ នឹងជួយកាត់បន្ថយហានិភ័យទាំងនេះបានមួយចំនួននិងគាំទ្រដល់ការស្ដារសេដ្ឋកិច្ច”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍នាពេលកន្លងមកនេះថា វ៉ាក់សាំងកូវីដ១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។
សម្តេចតេជោបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
សម្តេចតេជោមានប្រសាសន៍បន្តថា វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា បានកើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។
សម្តេចតេជោ បានថ្លែងទៀតថា កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ២លាននាក់ហើយបានចាក់វ៉ាក់សាំង។ កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងអោយទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ។
នាយកជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia លោក James Hodge បានថ្លែងប្រាប់ថា កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា បានកើនលើសប្រទេសផ្សេងៗទៀតនៅក្នុងអាស៊ាន ហើយនឹងក្លាយជាមធ្យោបាយមួយដ៏សំខាន់ ក្នុងការផ្តល់ទំនុកចិត្តដល់ទីផ្សារវិនិយោគ។
លោកបានឱ្យដឹងថា “ដៃគូវិនិយោគដែលក្រុមហ៊ុនCBRE បានពិភាក្សាជាមួយ បានសំដែងការកោតសរសើរ ចំពោះវិធានការរបស់រដ្ឋាភិបាល ដែលបានអនុវត្តកន្លងមក ហើយពួកគេមានជំនឿចិត្តថា ការពន្លឿនការចាក់វ៉ាក់សាំងបែបនេះ នឹងជួយឱ្យប្រទេសកម្ពុជាងើបឡើងវិញ ពីវិបត្តិជំងឺរាតត្បាតលឿនជាងប្រទេសប្រកួតប្រជែង”។
លោកបានថ្លែងបន្តថា ប្រសិនបើកម្មវិធីចាក់វ៉ាក់សាំងជូនពលរដ្ឋបញ្ជាក់ថា ទទួលបានជោគជ័យ ក្នុងការគ្រប់គ្រងបានការផ្ទុះឡើងនៃជំងឺកូវីដ១៩ វានឹងនាំមកនូវលទ្ធភាពមួយ ដែលប្រទេសកម្ពុជាអាចវិលត្រឡប់ ទៅរកកម្រិតប្រក្រតីឡើងវិញ លឿនជាងប្រទេសផ្សេងៗ ដែលអាចធ្វើឱ្យកម្ពុជាទាញយកអត្ថប្រយោជន៍ពីវា មុនពេលប្រទេសដទៃទៀត៕