ដោយៈគង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា ជាមួយកំនើននៃការនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ក្រុមហ៊ុនអាមេរិកកាន់តែច្រើននឹងមកវិនិយោគនៅកម្ពុជា ដោយសារមួយផ្នែកគឺភាពតានតឹង រវាងសង្រ្គាមពាណិជ្ជកម្មនៃប្រទេសសេដ្ឋកិច្ចធំៗទាំងពីរនេះ។
លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ឲ្យដឹងនាព្រឹកថ្ងៃទី២ មិថុនានេះថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មិនបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ទេ ផ្ទុយទៅវិញវានឹងកាន់តែមានភាពល្អប្រសើរថែមទៀត។
ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិកនៅតែបន្តកើនឡើងជាដរាប ហើយក្រុមហ៊ុនអាមេរិកជាច្រើន កំពុងពិចារណាមកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសវិនិយោគលើវិស័យកសិឧស្សាហកម្ម។
លោកឧកញ៉ាបានបន្តថា “សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នឹងជំរុញក្រុមហ៊ុនអាមេរិកមួយចំនួន មកវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានភាពអំណោយផលខ្ពស់ផ្នែកវិនិយោគ”។
លោកបន្ថែមថា “ប្រទេសកម្ពុជាយើងនៅមានភាពអំណោយផលល្អជាច្រើន ដែលអាចជាជម្រើសរបស់ក្រុមហ៊ុនអាមេរិក។ ក្រោយជំងឺកូវីដ១៩ចប់ យើងរំពឹងថាក្រុមហ៊ុនអាមេរិកជាច្រើននឹងមកបោះទុនវិនិយោគនៅកម្ពុជា”។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់១.៩ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២១ កើនឡើងជិត៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទំនិញនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកមានដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងវត្ថុធាតុដើមផ្សេងទៀត។
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ដំណើរទស្សនកិច្ចរបស់លោកស្រី Wendy Sherman លោកឧកញ៉ាលឹម ហេង ជឿជាក់ថា វានឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការទូតបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងការទូតល្អនឹងនាំអ្នកវិនិយោគអាមេរិក កាន់តែច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា៕