ដោយៈ គៀតឈូ
វ៉ាស៊ីនតោនៈ បន្ទាប់ពីបានដាក់ចេញប្រាក់កម្ចីដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយដល់ប្រទេស ដែលរងគ្រោះខ្លាំងបំផុតដោយវិបត្តិជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក កំពុងផ្តោតលើការជំរុញការផ្តល់វ៉ាក់សាំង ដល់ប្រទេសក្រីក្រ ដើម្បីការពារពីវិបត្តិជំងឺរាតត្បាត និងជំរុញការស្ទុះងើបសេដ្ឋកិច្ចសកល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។
នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រីKristalina Georgieva កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលទឹកប្រាក់ចំនួន៥០ពាន់លានដុល្លារ ជាមួយអង្គការសុខភាពពិភពលោក ក្នុងការពង្រីកការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាពិសេសសម្រាប់ប្រទេសក្រីក្រ ដែលបាននិងកំពុងព្យាយាម ក្នុងការទទួលបានវ៉ាក់សាំងដ៏សំខាន់នេះ។
លោកស្រី Georgieva នៅថ្ងៃសុក្រទី៤ ខែមិថុនាខាងមុខនេះ នឹងបង្ហាញនូវសំណើនេះ ដែលត្រូវបានបង្ហាញកាលពីចុងខែមុន និងគាំទ្រដោយធនាគារពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោក ដល់រដ្ឋមន្រ្តីហិរញ្ញវត្ថុមកពីប្រទេសអ្នកមានG7 ក្នុងអំឡុងពេលប្រជុំមួយនៅទីក្រុងឡុងដ៏។
បច្ចុប្បន្ននេះ ស្ថាប័នផ្តល់ប្រាក់កម្ចី ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះ កំពុងប្រកាសថា មានការទទួលបានវ៉ាក់សាំងមិនស្មើគ្នា ដែលនឹងពន្យារពេលការរីករាលដាលនៃជំងឺរាតត្បាត ដែលបានសម្លាប់មនុស្សជាង៣.៥លាននាក់ នៅទូទាំងពិភពលោករួចទៅហើយ។
លោកស្រី Georgieva បានព្រមានថា “ប្រទេសចំណូលទាបជាច្រើន បានទទួលតិចជាង១ភាគរយនៃវ៉ាក់សាំងកូវីដ១៩ គិតរហូតមកដល់ពេលនេះ ដែលបណ្តាលឱ្យមានភាពខុសគ្នាដ៏គ្រោះថ្នាក់ នៅក្នុងសេដ្ឋកិច្ចពិភពលោក”។
គិតជាលទ្ធផល វាត្រូវការពេលវេលាជាច្រើនឆ្នាំ សម្រាប់សេដ្ឋកិច្ចប្រទេសមួយចំនួន ដើម្បីឈានទៅរកកម្រិតមុនពេលជំងឺកូវីដ១៩។ IMF ព្យាករថា សេដ្ឋកិច្ចនៅអាមេរិកឡាទីន និងតំបន់ការីបៀននឹងមិនមានកំណើន សម្រាប់ប្រាក់ចំណូលរបស់មនុស្សម្នាក់ៗទេ រហូតដល់ឆ្នាំ២០២៤។
លោក Homi Kharas សេដ្ឋវិទូនៅវិទ្យាស្ថាន Brookings បានមានប្រសាសន៍ថា “IMF និងធនាគារពិភពលោក“ បានយល់ថា វិបត្តិសេដ្ឋកិច្ចនឹងមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅ។
ស្ថាប័នទាំងពីរនេះ បានជំរុញឱ្យបណ្តាប្រទេសG20 និងម្ចាស់បំណុលឯកជនផ្អាកការទូទាត់បំណុលសម្រាប់ប្រទេស ដែលមានប្រាក់ចំណូលទាបជាច្រើន។
លោក KHARAS បាននិយាយនៅក្នុងបទសម្ភាសន៍ថា “នោះគឺជាជំហានដ៏ធំដំបូង ក្នុងការធានាថា ជំងឺរាតត្បាតនេះមិនបានបង្កឱ្យមានវិបត្តិបំណុល ដែលអាចមានផលវិបាករយៈពេលវែង”៕