ដោយ សុខុម
ក្រុងរីយ៉ាដ: ក្រុមអ្នករៀបចំព្រឹត្តិការណ៍បានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី០២ មិថុនា ថា ពិព័រណ៍សព្វាវុធយោធាពិភពលោក World Defense Show ក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលនេះលក់កន្លែងតាំងបង្ហាញរបស់ខ្លួនបាន៧០%រួចទៅហើយនៅមុនព្រឹត្តិការណ៍នេះចាប់ផ្ដើមនៅខែមីនា ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Arab News។
ពិព័រណ៍នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនទូទាំងពិភពលោកដូចជា ក្រុមហ៊ុនផលិតសព្វាវុធយោធាអាមេរិក Lockheed Martin ក្រុមហ៊ុនផលិតសព្វាវុធយោធាអាមេរិក General Dynamics និងក្រុមហ៊ុនផលិតរថយន្តលំដាប់សេដ្ឋី Rolls-Royce ព្រមទាំងក្រុមហ៊ុនផលិតសព្វាវុធយោធាក្នុងស្រុករបស់អារ៉ាប៊ីសាអូឌីត ដូចជាក្រុមហ៊ុន Saudi Arabian Military Industries ជាដើម។
លោក Shaun Ormrod នាយកប្រតិបត្តិពិព័រណ៍ World Defense Show បានចេញសេចក្ដីថ្លែងការណ៍ថា “ការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមហ៊ុនផលិតសព្វាវុធយោធាក្នុងស្រុក និងពិភពលោកឆ្លុះបញ្ចាំងពីភាពល្អឯកនៃពិព័រណ៍ World Defense Show ដោយង្កើតបរិយាកាសជួបជុំគ្នាដ៏ល្អសម្រាប់ឱ្យក្រុមថ្នាក់ដឹកនាំក្នុងវិស័យឧស្សាហកម្មនៅក្រុងរីយ៉ាដ ជាចំណុចបេះដូងនៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាទីផ្សារឧស្សាហកម្មការពារជាតិឈានមុខមួយរបស់ពិភពលោក ដើម្បីឱ្យពួកគេមានឱកាសជជែកពិភាក្សាអំពីអនាគតនៃសព្វាវុធយោធាដែលបញ្ជាតាមប្រព័ន្ធកុំព្យូទ័រ”។
កាលពីខែមេសា ក្រុមការងារបានប្រកាសចាប់ផ្ដើមដំណើរការសាងសង់ដំណាក់កាលពី២ នៅទីតាំងពិព័រណ៍ដែលមានផ្ទៃសរុប៨០០.០០០ម៉ែត្រការ៉េនេះ។
តាមការរំពឹងទុកថា នឹងមានអ្នកចូលរួមដាក់តាំងបង្ហាញសរុបជាង៨០០នាក់រួមជាមួយគណៈប្រតិភូ និងមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនទៀតផងដែរ។
ព្រឹត្តិការណ៍នេះនឹងមានរយៈពេល៤ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី៦ មីនា ឆ្នាំ២០២២។ បង្កើតឡើងដោយអាជ្ញាធរសព្វាវុធយោធា General Authority for Military Industries (GAMI) របស់អារ៉ាប៊ីសាអូឌីត ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងរាល់២ឆ្នាំម្ដង។
យោងតាមវិទ្យាស្ថានស្រាវជ្រាវអំពីសន្តិភាពអន្តរជាតិក្រុងស្តុកខុល (Stockholm International Peace Research Institute (SIPRI)) កាលពីខែមេសា ឱ្យដឹងថា ការចំណាយទៅលើវិស័យយោធាទូទាំងពិភពលោកកាលពីឆ្នាំ២០២០ បានកើនឡើង២,៦%ដល់១,៩៨ទ្រីលានដុល្លារ។ ហើយប្រទេសចំណាយធំបំផុតទាំង៥ ដែលបូកបញ្ចូលគ្នាស្មើនឹង៦២%នៃការចំណាយសរុបទៅលើវិស័យយោធាទូទាំងពិភពលោក គឺសហរដ្ឋអាមេរិក មហាយក្សចិន ឥណ្ឌា រុស្ស៊ី និងអង់គ្លេស៕