ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកឧកញ៉ាលី ហួរប្រធានអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុប បានប្រកាសអភិវឌ្ឍន៍គំរោងបុរីវិមានភ្នំពេញថ្មីមួយស្ថិតនៅលើផ្លូវ៥៩៨ ឬផ្លូវឯកឧត្តមជា សុផារ៉ា។
អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ មិថុនានេះថា ការ សម្រេចចិត្តវិនិយោគបុរីវិមានភ្នំពេញគំរោងថ្មី ក្នុងស្ថានភាពបែបនេះ ដោយសារទីតាំងនេះស្ថិតនៅកណ្តាលក្រុង និងជាតំបន់ពាណិជ្ជកម្មថ្មីមួយ ដែលមានការរីកចម្រើនយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកឧកញ៉ាបានបន្តថា ដីនៅលើទីតាំងគំរោងថ្មីនេះ បច្ចុប្បន្នបើកាត់ផ្លួវរួច តម្លៃនេះនៅទីនេះមានតម្លៃរហូតដល់១៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកឧកញ៉ាបានបន្តថា “ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ ដែលការលក់ចេញរបស់គំរោងនិមួយៗ អាស្រ័យលើកេរ្ត៍ឈ្មោះអ្នកអភិវឌ្ឍន៍៍ ទីតាំងគំរោង និងតម្លៃលំនៅដ្ឋាននិមួយៗផងដែរ”។ អ្នកឧកញ៉ាបានបន្តថា “ទីផ្សារនលំនៅដ្ឋាននឹងងើបល្អប្រសើរឡើងវិញខ្លាំង នៅពេលជំងឺកូវីដបញ្ចប់នាពេលខាងមុខនេះ”។
អ្នកឧកញ៉ាលី ហួរដែលជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរនោះបានមានប្រសាសន៍ឲ្យដឹងផងដែរថា លំនៅដ្ឋានក្នុងគំរោងនេះ មានតម្លៃ៤៥ម៉ឺនដុល្លារឡើង សំរាប់ផ្ទះបែប Shop House មានទីតាំងលើផ្លូវ៥៩៨ ផ្ទះបែប Link House មានតម្លៃចន្លោះ២០ទៅ២៥ម៉ឺនដុល្លារ និងផ្ទះវីឡាប្រណីតមានតម្លៃ រហូតដល់ជាង១លានដុល្លារអាមេរិកផងដែរ។
អ្នកឧកញ៉ាបានបន្តថា គំរោងនេះនឹងបញ្ចប់រយៈពេល៣ទៅ៤ឆ្នាំ ដោយការបើកការដ្ឋានសាងសង់ នឹងចាប់ផ្តើមនៅថ្ងៃទី៣០ មិថុនាខាងមុខនេះ។
ជាមួយគ្នានេះ លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារលំនៅដ្ឋានប្រណីតៗ បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗហើយ ក្រោយពេលការបិទខ្ទប់រាជធានីបានបញ្ចប់។
លោកស្រីបន្តថា “អ្នករកទិញលំនៅដ្ឋានបច្ចុប្បន្នភាពច្រើន ជាអ្នកមានជីវភាពធូរធារដែលពួកគាត់បានស្វែងរកវីឡាប្រណីតៗ និងផ្ទះបែបអាជីវកម្មកាន់តែច្រើន”៕