ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ទោះបីជាមកដល់ពេលនេះស្ថានភាពកូវីដ១៩ នៅក្នុង្រទេសកម្ពុជាមិនទាន់បង្ហាញសញ្ញាធូរស្រាលក្ដី តែវិនិយោគិនក្នុងស្រុកជាច្រើន បានដាក់ទុនវិនិយោគលើអចលនទ្រព្យនិងចាប់ផ្ដើមអភិវឌ្ឍន៍ គម្រោងរបស់ខ្លួនដែលមានពីមុន និងគម្រោងអភិវឌ្ឍន៍ថ្មី ជាពិសេសនៅតំបន់ដែលមានសក្ដានុពលវិនិយោគ នៅពេលបច្ចុប្បន្ននិងអនាគត។
អ្នកជំនាញអចលនទ្រព្យបានមើលឃើញថា ការវិនិយោគអចលនទ្រព្យបានចាប់ផ្ដើមឡើងវិញ ក្រោយនៅដើមឆ្នាំ២០២១ តែក្រោយមកដោយជួបនឹងស្ថានភាពកូវីដ១៩ឆ្លងរាលដាលក្នុងសហគមន៍ ២០ កុម្ភៈ ២០២១ ធ្វើឱ្យការវិនិយោគត្រូវអាក់ខានបន្តិច និងស្ងប់ស្ងាត់ស្ទើរតែទាំងស្រុង នៅអំឡុងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេលជិត១ខែ ។ក្រោយពេលរដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់ និងបន្ធូរបន្ថយការធ្វើដំណើរឆ្លងខេត្តមួយទៅកាន់ខេត្តមួយ សកម្មភាពវិនិយោគអចលនទ្រព្យ ក៏ចាប់ផ្ដើមមានសកម្មភាពឡើងវិញ តែជាអ្នកវិនិយោគក្នុងស្រុក ដោយទាន់មានការវិនិយោគពីខាងក្រៅនៅឡើយ ។
អ្នកនាងគីម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹថាសកម្មភាព វិនិយោកគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឆ្នាំ ២០២១នេះ នៅតែជាវិនិយោគិនក្នុងស្រុកដដែល ដោយការវិនិយោគពីខាងក្រៅ នឹងនៅមិនទាន់មានទេ ខណៈស្ថានភាពកូវីដ១៩ នៅលើពិភពលោកនៅតែជាបញ្ហាប្រឈម ដែលមិនអាចឱ្យវិនិយោគិនបរទេស ធ្វើដំណើរស្វែងរកការវិនិយោគក្រៅប្រទេសបាននៅឡើយ។
អ្នកនាងបន្តថា សកម្មភាពវិនិយោគអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២១នេះ បើសិនជាស្ថានភាពកូវីដ១៩ បានល្អប្រសើរឡើងវិញការវិនិយោគពីក្រៅប្រទេស អាចនឹងមានជាបន្តបន្ទាប់ឡើងវិញតែស្ថានភាពកូវីដ១៩ នៅតែបន្តរាលដាលទាំងក្នុងប្រទេស និងនៅលើពិភពលោក ការវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែពឹងលើវិនិយោគិនក្នុងស្រុកបន្តទៀត ។
យ៉ាងណាអចលនទ្រព្យអចលនទ្រព្យផ្សេងទៀត ហាក់មានសុទិដ្ឋិនិយមចំពោះវិនិយោគិនចិនថា នឹងត្រលប់មកកម្ពុជា ដើម្បីស្វែងរកការវិនិយោគឡើងវិញ ជាពិសេសនៅក្នុងខេត្តដែលមានសក្ដានុពលនិងខេត្ត ដែលចាត់ទុកថាជាបណ្ដុំសហគមន៍ វិនិយោគិនចិន រួមមានខេត្តព្រះសីហនុ ខេត្តកោះកុងនិងរាជធានីភ្នំពេញ។
លោកច្រឹកសុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលើកឡើងក្នុងវេទិកាសន្និសីទមួយកាលពីពេលថ្មីៗនេះថា យើងរំពឹងថាវិនិយោគិនចិននិងត្រលប់មកកម្ពុជា ដើម្បីបណ្ដាក់ទុនវិនិយោគិន ក្នុងវិស័យអចលនទ្រព្យនិងវិស័យផ្សេងទៀត ដែលមានសក្ដានុពលខ្ពស់នៅពេលឆាប់ៗខាងមុខនេះ ខណៈកម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋកាន់តែច្រើន ហើយវានឹងបញ្ចប់ការឆ្លងមេរោគកូវីដ១៩នេះ នៅពេលឆាប់ៗផងដែរ៕