ដោយៈ ប៊ី
បាងកកៈ ក្រុមហ៊ុនCP All Plc ដែលជាប្រតិបត្តិករហាងទំនិញលក់រាយធំជាងគេ7-Eleven នៅប្រទេសថៃ គ្រោងនឹងចំណាយទុនវិនិយោគទឹកប្រាក់៣៨៤,៦លានដុល្លារ នៅឆ្នាំនេះ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅថៃ។ នេះបើយោងតាមការការចេញផ្សាយរបស់កាសែបាងកកប៉ុស្តិ៍នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះ លោក Kriengchai Boonboapichart បាននិយាយថា ការចំណាយសរុបចំនួនពី៤ ទៅ៤,១ពាន់លានបាត សម្រាប់ការវិនិយោគលើគម្រោងថ្មីៗ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងមជ្ឈមណ្ឌលចែកចាយទឹកប្រាក់ពី៣,៨ ទៅ៤ពាន់លានបាត ត្រូវបានគ្រោងសម្រាប់ការពង្រីកហាង និងទឹកប្រាក់ពី២,៤ទៅ២,៥ ពាន់លានដុល្លារសម្រាប់ការជួសជុលហាង និងនៅសល់ពី១,៣ ដល់១.៤ពាន់លានដុល្លារគឺសម្រាប់ទ្រព្យសម្បត្តិរបស់ខ្លួន និងប្រព័ន្ធព័ត៌មានវិទ្យា។ (១បាត=ប្រមាណ០.០៣២ដុល្លារ)។
ក្រុមហ៊ុនគ្រោងនឹងបើហាងថ្មី ចំនួន៧០០កន្លែងនៅឆ្នាំនេះ ពោលគឺប្រហាក់ប្រហែលនឹងឆ្នាំមុន។ ហាង7-Eleven ចំនួន១៥៥កន្លែង ត្រូវបានបើកដំណើរការនៅក្នុងត្រីមាសទី១ ក្នុងឆ្នាំនេះ។
លោកKriengchai បានទៀតបន្តថា “យើងនឹងបន្តបើកហាងថ្មីជាច្រើនកន្លែង ប៉ុន្តែដោយវិធីសាស្រ្តប្រុងប្រយ័ត្នជាងមុន។ មានភាពមិនប្រាកដប្រជាជាច្រើន ដូច្នេះយើងនឹងជ្រើសរើសទីតាំង ដែលអាចបង្កើតប្រាក់ចំណូល និងមានតម្រូវការពិតប្រាកដពីអតិថិជន”។
ដោយឡែក ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានឱ្យដឹងថា ក្រុមហ៊ុន CP ALL Plc ដែលជាប្រតិបត្តិករហាងទំនិញលក់រាយធំជាងគេ នៅប្រទេសថៃបានឱ្យដឹងថា ខ្លួននឹងបើកដំណើរការផ្សារ 7-Eleven នៅទីក្រុងភ្នំពេញក្នុងពេលឆាប់ៗ។
លោកបន្តទៀតថា ក្រុមហ៊ុន CP ALL Cambodia គ្រោងនឹងបើកសាខាហាងលក់ទំនិញរាយឱ្យបានយ៉ាងតិច៦ ទីតាំងនៅកម្ពុជាក្នុងឆ្នាំ២០២១នេះ ដោយសាខាដំបូងមានទីតាំងនៅស្ថានីយចាក់ប្រេងឥន្ធនៈ PTT ខណ្ឌព្រែកព្នៅ។ ទីតាំងនេះ គ្រោងនឹងបើកនៅពាក់កណ្តាលខែមិថុនានេះ ចំណែកសាខាទី២ ស្ថិតនៅក្នុងបុរីប៉េងហួត សង្កាត់ព្រែកលៀប តាមបណ្តាយផ្លូវជាតិលេខ៦ គ្រោងនឹងបើកក្នុងខែសីហា ឆ្នាំ២០២១៕