ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ក្នុងនាមជាអ្នកជិតខាង ស្របពេលសេដ្ឋកិច្ចទីផ្សារកម្ពុជាកំពុងរីកចម្រើនបានធ្វើឲ្យក្រុមហ៊ុនវៀតណាមជាច្រើនវិនិយោគនៅកម្ពុជា ដោយគិតត្រឹមដំណាច់ខែឧសភានេះ វៀតណាមវិនិយោគនៅកម្ពុជាចំនួន២១៤គំរោង ជាមួយទឹកប្រាក់ជាង៣០០០លានដុល្លារ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកកុយ គួងបានមានប្រសាសន៍ឲ្យដឹង ក្រោយជំនួបរវាងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកវ៉ូហ្គាន់មិញឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅថ្ងៃទី៣ មិថុថានេះបានឱ្យដឹងថា ពីព៌តមានខាងលើនេះ។ ក្រៅពីការវិនិយោគនៅកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ក៏មានកំណើនជាបន្តបន្ទាប់ផងដែរ ជាក់ស្ដែងក្នុង្ឆនាំ២០១៨ទំហំពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់៤,៧ពាន់លានដុល្លារអាមេរិក ឆ្នាំ២០១៩ មានទឹកប្រាក៥,៣ពាន់លានដុល្លារអាមេរិកហើយនៅឆ្នាំ២០២០ មានទឹកប្រាក់៥,៣៣ពានលានដុល្លារអាមេរិក ទោះបីជាអំឡុងឆ្នាំនោះ ប្រទេសទាំងពីរមានវិបត្តិកូវីដ១៩ក្ដី ។
ដោយឡែកនៅឆមាសទី១ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏នៅតែមានកំណើនដដែល។
លោកប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍កោតសរសើរ និងអបអរសាទរដល់ប្រទេស វៀត ណាម ដែលកន្លងមកបានធ្វើជាប្រធានអាស៊ាន ប្រកបដោយជោគជ័យនៅឆ្នាំ២០២០កន្លងមកនេះ។ លោកបន្តថា វៀតណាមក៏បានដើរ តួនាទីដ៏សំខាន់នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ ដែលវៀតណាម ជាសមាជិកមិនអចិន្ត្រៃយ៍ ក៏ដូចជាអបអរសាទរសមាជលើកទី៣ នៃបក្សកុម្មុយនីស្តវៀតណាមកន្លងមកនេះ។
លោកឯកអគ្គរដ្ឋទូតវៀតណាម ក៏បានសម្តែងនៅការសប្បាយរីករាយ និងមានកិត្តិយស ដែលបានមកបម្រើការងារជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាកន្លងមកនេះ ដោយលោកមានសេចក្តីរីករាយ ក្នុងការបំពេញការងារ ក៏ដូចជា បានឃើញផ្ទាល់ភ្នែកក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយៈពេលជិត៤ឆ្នាំនៃការងារការទូតនេះ៕