ដោយៈសុខុម
អាមេរិកៈ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ទម្លាយឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសពន្ធថ្មីកាលពីថ្ងៃពុធ ទី២ មិថុនា លើប្រទេសចំនួន៦ ដើម្បីឆ្លើយតបទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលទាំងនោះ ដែលយកពន្ធខ្ពស់លើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ល។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី៣ មិថុនា នេះ។
ប្រទេសទាំង៦ ដែលប្រឈមនឹងកាតព្វកិច្ចពន្ធថ្មី២៥% លើទំនិញដែលមានតម្លៃសរុបប្រមាណ២ពាន់លានដុល្លារនេះ រួមមាន ប្រទេសអូទ្រីស ឥណ្ឌា អ៊ីតាលី អេស្ប៉ាញ តួកគី និងអង់គ្លេស។ កាតព្វកិច្ចពន្ធបន្ថែមនេះ នឹងត្រូវបានទប់ស្កាត់មិនឱ្យចូលជាធរមានរហូតដល់ដល់១៨០ថ្ងៃក្រោយ ខណៈសហរដ្ឋអាមេរិក បន្តចរចាលើរបបពន្ធសកល ដែលត្រូវបានស្នើឡើងនេះ តាមរយៈអង្គការសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) និងដំណើរការរបស់ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20។
បណ្ដារដ្ឋាភិបាលបរទេសបានត្អូញត្អែរជាយូរមកហើយថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Google ជាដើមគួរតែបង់ពន្ធឱ្យខ្លួនបន្ថែមទៀត។ កាលពីពេលថ្មីៗនេះ ប្រទេសមួយចំនួនបានអនុម័តពន្ធជាពិសេស ដើម្បីយកពន្ធលើប្រាក់ចំណូល របស់ក្រុមហ៊ុននានាបែបនេះ រួមទាំងក្រុមហ៊ុន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដូចជា ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google និងក្រុមហ៊ុន Amazon ជាដើមផងដែរ។
ប្រទេសអង់គ្លេសបានកំណត់យកពន្ធ២% លើប្រាក់ចំណូលរបស់Platform បណ្ដាញទំនាក់ទំនងសង្គម ប្រព័ន្ធសូហ្វវែរ Search Engine និងទីផ្សារអនឡាញ ដោយអះអាងថា ដោយសារតែក្រុមហ៊ុនទាំងនោះ ទទួលបានផលចំណេញពីអ្នកប្រើប្រាស់ នៅប្រទេសអង់គ្លេស។ ដូចនេះប្រទេសអង់គ្លេស ក៏គួរតែទទួលបានចំណែកនៃប្រាក់ចំណេញទាំងនោះដែរ។
ការឆ្លើយតបចំពោះការយកពន្ធ លើសេវាកម្មឌីជីថលនេះឆ្លុះបញ្ចាំងថា សហរដ្ឋអាមេរិក ប្រឆាំងនឹងអ្វីដែលខ្លួនយល់ថា ជាគោលនយោបាយរើសអើង ដែលសំដៅគាបក្រុមហ៊ុនធំៗ និងជោគជ័យនានានៅសហរដ្ឋអាមេរិក។
កាលពីខែមីនា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានស្នើពន្ធថ្មី សរុបប្រមាណ៨៨០លានដុល្លារ លើប្រទេសទាំង៦ខាងលើនេះ ស្របពេលមានការស៊ើបអង្កេតលើពន្ធបរទេស តាមមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤។
តួលេខពន្ធចុងក្រោយដែលប៉ះពាល់ដល់ទំនិញ មានតម្លៃជាង២ពាន់លានដុល្លារ នេះ គ្របដណ្តប់លើផលិតផលនាំចូលរួមមានបង្គារ កម្រាលព្រំ គ្រឿងសំអាង សម្លៀកបំពាក់ ឧបករណ៍វីដេអូហ្គេម និងទំនិញផ្សេងៗទៀត៕