ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកវិនិយោគលើផ្នែកកសិកម្ម និងរមណីយដ្ឋានបាននិងកំពុងចាប់ផ្តើមសម្លឹងទៅកាន់ខេត្តកំពង់ឆ្នាំង ដែលមានដីទំនេរច្រើន និងមិនសូវមានការចាប់អារម្មណ៍ពីការវិនិយោគកកាលពីប៉ុន្មានឆ្នាំមុន។
បច្ចុប្បន្ន នៅតាមបណ្តាស្រុកជុំវិញទីរួមខេត្តកំពង់ឆ្នាំង ដែលមានទីតាំងចម្ងាយជុំវិញ១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានគំរោងវិនិយោគជាច្រើន ដែលផ្តោតលើដំណាំកសិឧស្សាហកម្ម រមណីយដ្ឋាន និងដីឡូត៍សម្រាប់លំហហែរកាយ។
លោកPiter Rambo ដែលបានចំណាយទុនជាច្រើនលើផ្ទៃដី២០០ហិកតា នៅក្នុងគម្រោងរបស់ខ្លួនក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា តម្លៃដីនៅខេត្តកំពង់ឆ្នាំងបានកើនឡើង ដែលពីមុនដីស្រែ ក្បែរជើងភ្នំមានតម្លៃត្រឹមក្រោម១០០០ដុល្លារក្នុងមួយហិកតា បច្ចុប្បន្នបានកើនដល់ចន្លោះពី១ម៉ឺនទៅ៤ម៉ឺនដុល្លារអាមេរិក អាស្រ័យលើសណ្ឋាន និងទីតាំងដីតំបន់និមួយៗ។
លោកបន្តថា “បច្ចុប្បន្នមានអ្នកវិនិយោគជាច្រើន បានចូលទៅវិនិយោគក្នុងខេត្តនេះដោយស្ងៀមស្ងាត់ ដើម្បីទាញយកសក្តានុពលនាពេលអនាកត”។លោកបន្តថា “នៅពេលផ្លូវជាតិលេខ៥ពង្រីករួច តម្លៃដីនៅខេត្តកំពង់ឆ្នាំងនឹងកើនឡើងថែមទៀត ដោយសារហេដ្ឋារចនាសម្ព័ន្ឋតែងតែជំរុញឲ្យដីឡើងថ្លៃ”។
កាលពីឆ្នាំ២០១៨កន្លងមកនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)បានសិក្សា និងមើលឃើញសក្តានុពលរបស់ខេត្តនេះ ដែលអាចក្លាយជាHubមួយសម្រាប់ផ្ទុកទំនិញ ដោយសារខេត្តនេះមានទីតាំងចំចំណុចកណ្តាល រវាងរាជធានីភ្នំពេញ និងប្រទេសថៃ។
ការកសាងនិងពង្រីកផ្លូវជាតិលេខ៥ ដែលជាផ្លូវហាយវេអាស៊ាន ដែលជាយុទ្ឋសាស្រ្តអភិវឌ្ឍន៍ត្បូងត្បូង បាននិងកំពុងធ្វើឲ្យផ្លូវនេះ ក្លាយជាខ្សែចង្វាក់តភ្ជាប់ដ៏សំខាន់រវាងប្រទេសថៃ កម្ពុជា និងប្រទេសវៀតណាម ហើយកម្ពុជាបាននិងកំពុងត្រៀមសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ព្រំដែនបាវិត ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាមផងដែរ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានស្នើក្រុមហ៊ុនចិន វិនិយោគព្រលានយន្តហោះ ក្នុងខេត្តកំពង់ឆ្នាំងឡើងវិញផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះ ព៌តមានពីគម្រោងនេះ មិនទាន់មានការបញ្ជាក់ពីការសិក្សាឬយ៉ាងណានៅឡើយទេ ខណៈរដ្ឋាភិបាលក៏បាន និងកំពុងមានផែនការសាងសង់ស្ពាតតភ្ជាប់រវាងក្រុងកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ ដែលស្ពាននេះមានប្រវែងប្រមាណ៣គីឡូម៉ែត្រ ហើយវាអាចជាស្ពានវែងជាងគេនៅកម្ពុជា៕