ដោយៈ គៀតឈូ
តូក្យូៈ បណ្តាថ្នាក់ដឹកនាំ និងពាណិជ្ជករ មកពីជុំវិញពិភពលោកប្រមាណ៤០នាក់បានសន្យានឹងបញ្ចេញ កញ្ចប់ថវិកាប្រមាណ២,៤ពាន់លានដុល្លារ និងផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួន៥៤លានដូសកាលពីថ្ងៃពុធ (២ មិថុនា) ដល់កម្មពិធី Covax របស់អង្គការសុខភាពពិភពលោក ដែលនឹងផ្តល់ឱ្យបណ្តាប្រទេសមានប្រាក់ចំណូលទាប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
កិច្ចប្រជុំថ្នាក់ដឹកនាំជុំវិញពិភពលោកនេះ បានដឹកនាំដោយនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga ដែលសន្យាផ្តល់ទឹកប្រាក់៨០០លានដុល្លារអាមេរិក នៅឯកិច្ចប្រជុំកំពូល Covax Advance Market Commitment (AMC) ទៅដល់កម្មពិធី Covax ដើម្បីធានាឱ្យបាននូវការទទួលបានវ៉ាក់សាំងកូវីដ១៩ ស្មើភាពគ្នាចំពោះប្រទេសក្រីក្រ។
លោកSuga បាននិយាយថា “ដើម្បីជំនះវិបត្តិ ដែលយើងកំពុងប្រឈមមុខនេះ យើងត្រូវការសាមគ្គីភាព និងការប្តេជ្ញាចិត្តរួមគ្នា”។
ប្រទេសឆ្លើយតបទៅនឹងការអំពាវនាវនេះ គឺប្រទេសដូចជាអូស្រ្តាលី ហ្វីលីពីន អេស្បាញ និងសហរដ្ឋអាមេរិក ក៏ដូចជា អង្គភាព ដែលមិនរកប្រាក់ចំណេញ ដូចជាមូលនិធិ Bill and Melinda Gates។
ក្រុមហ៊ុនដូចជាតូយ៉ូតា និង Tsusho ដែលជាក្រុមហ៊ុនពាណិជ្ជកម្មរបស់តូយូតាគ្រុបរបស់ជប៉ុន និងធនាគារUBSក៏បានធ្វើការបរិច្ចាគផងដែរ។
ប្រធានសម្ព័ន្ធវ៉ាក់សាំង (Gavi) លោក Jose Manuel Barroso បាននិយាយថា កាលពីថ្ងៃពុធការបរិច្ចាគសរុប បានកើនឡើងដល់៩,៦ពាន់លានដុល្លារ សម្រាប់ការទិញវ៉ាក់សាំង និង៧៧៥លានដុល្លារសម្រាប់ការចែកចាយ។
ចំនួនដូសវ៉ាក់សាំងសរុប ដែលបរិច្ចាគដោយប្រទេសនានា មានចំនួនជាង១៣២លានដូស។
មុនពេលកិច្ចប្រជុំកំពូលនៅថ្ងៃពុធនេះ កម្មពិធី Covax បានរៃអង្គាសប្រាក់បាន៧ពាន់លានដុល្លាររួចទៅហើយ។ ការផ្តល់ថវិកានេះលើសចំនួន១,៣ពាន់លានដុល្លារ ដែលបានប៉ាន់ស្មានដោយ Gavi ដើម្បីធានានូវចំនួនវ៉ាក់សាំង១,៨ពាន់លានដូស សម្រាប់ចាក់ជូន៣០ភាគរយនៃប្រជាជន នៅក្នុង៩២ប្រទេស ដែលមានប្រាក់ចំណូលទាបនៅចុងឆ្នាំនេះ៕