ដោយៈ ម៉ាណេត
ភ្នំពេញៈ ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ កម្ពុជាបានដាក់ចេញនូវការកែទម្រង់មូលដ្ឋាន គ្រឹះសេដ្ឋកិច្ច ដោយបែរឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារ និងការបើកចំហពាណិជ្ជកម្មអន្តរជាតិ។
គោលនយោបាយសេដ្ឋកិច្ចនេះ នាំមកនូវការផ្លាស់ប្តូរទាំងស្រុង នូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងសម្រេចបានវឌ្ឍនភាពនៅគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ននេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ក្នុងរបាយការណ៍ស្តី “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ដែលគេហទំព័រ Propertyarea.asia ទទួលបាននៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះថា នៅជិតចុងបញ្ចប់នៃទសវត្សរ៍ឆ្នាំ១៩៩០ កម្ពុជាខិតខំ សម្រេចបាននូវសន្តិភាពពេញលេញបរិបូណ៌ តាមរយៈ “នយោបាយឈ្នះ-ឈ្នះ។
សរុបមកក្នុងរយៈពេលជិតបីទសវត្សរ៍កន្លងមក រាជរដ្ឋាភិបាល សម្រេចបានសុខសន្តិភាពពេញលេញ បូរណភាពទឹកដី សាមគ្គីភាពជាតិ និងស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
មូលដ្ឋានគ្រឹះដ៏រឹងមាំនេះ បានរួមចំណែកដ៏សំខាន់ ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍន៍វិស័យឯកជនឱ្យកាន់តែរស់រវើក តាមរយៈការលើកកម្ពស់បរិយាកាស ធុរកិច្ច និងវិនិយោគ ដែលជាប្រភពនៃការបង្កើតការងារក្នុងគ្រប់វិស័យ និងជាចលករជំរុញសេដ្ឋកិច្ចសម្រេចបាន កំណើនល្អប្រសើរ ក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ៧ភាគរយ និងជាពិសេសបានប្រែក្លាយកម្ពុជាទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ ២០១៥។
នៅពេលបិទបញ្ចប់សតវត្សរ៍ទី២០ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នេះ បានផ្តល់ឱកាសឱ្យកម្ពុជា បង្កើនការវិនិយោគសាធារណៈ ការអភិវឌ្ឍធនធានមនុស្ស និងកិច្ចគាំពារសង្គម និងបានកាត់បន្ថយអត្រានៃភាពក្រីក្រជាបន្តបន្ទាប់ ឈានទៅបង្រួមវិសមភាពសង្គមឱ្យកាន់តែតូចគួរឱ្យកត់សម្គាល់។
កម្ពុជាបានចាប់ផ្តើមទំព័រសតវត្សរ៍ទី២១ ជាមួយនឹងសមិទ្ធកម្មដ៏ត្រចះត្រចង់ និងការប្រែមុខមាត់ថ្មី ប្រកបដោយ ក្តីសង្ឃឹម។ ប្រការនេះបាននិងកំពុងលើកទឹកចិត្ដរាជរដ្ឋាភិបាលក្នុងការបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង សំដៅធានា ជីវភាពនៃកំណើនសេដ្ឋកិច្ចប្រក បដោយចីរភាព រឹងមាំ និងធន់នឹងវិបត្តិ ក្នុងរយៈពេលមធ្យមខាងមុខ ស្របតាម គន្លងមាគ៌ាអភិវឌ្ឍន៍កន្លងមក ព្រមទាំងបានដាក់ចេញនូវ “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” ដែលជាមាគ៌ាក្នុងការបង្កើត នូវចន្ទល់កំណើនសេដ្ឋកិច្ចកម្ពុជាថ្មីៗ ជំនួសឱ្យចន្ទល់ចាស់ ដែលមានសញ្ញាថមថយជាបណ្តើរៗ សម្រាប់រៀបចំនូវ ម៉ូដែលកំណើនថ្មី ដែលមានភាពឆ្លើយតប នឹងភាពធន់ខ្ពស់ទៅនឹងការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម អន្តរជាតិនាពេលអនាគត។
ជាអកុសល ការចាប់ផ្តើមនៃទសវត្សរ៍ទី៣ នៃសតវត្សរ៍ទី២១ កម្ពុជាមិនខុសពីប្រទេ សដទៃទៀត និងពិភពលោកទាំងមូល កំពុងរងនូវផលប៉ះពាល់ធ្ងន់ធ្ងរបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមិនត្រឹមតែបានឆក់យក ជីវិតប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់សម្ពាធលើប្រភពកំណើន និងបង្កើតជាបច្ច័យអវិជ្ជមានដល់សកម្មភាព សេដ្ឋកិច្ច និងបញ្ហាជារចនាសម្ព័ន្ធ ដែលកំពុងប្រឈមស្រាប់ ក្នុងរយៈពេលមធ្យមខាងមុខ នឹងប៉ះទង្គិចដល់គន្លងអភិវឌ្ឍន៍ រយៈពេលវែង។
សម្តេចតេជោបានថ្លែងថា “ទ្វេរគ្រោះនេះតម្រូវឱ្យកម្ពុជាគិតគូរ និងរៀបចំម៉ូដែលកំណើនសេដ្ឋកិច្ចថ្មី ដែលមានភាពឆ្លើយតបនឹង ភាពធន់ខ្ពស់ទៅនឹងការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនាពេលអនាគតផង ជាពិសេសការស្តារឡើងវិញនូវសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩”។
ទន្ទឹមនឹងស្ថានភាពដ៏ស្រួចស្រាល់នេះ រាជរដ្ឋាភិបាលបានសម្លឹងមើលឃើញកាលានុវត្តភាព និងវិសាលភាពនៃផលប្រយោជន៍សេដ្ឋកិច្ចក្នុងវិស័យឌីជីថល ដែលមិនត្រឹមតែអាច ប្រែក្លាយទៅជាប្រភពកំណើនសេដ្ឋកិច្ចថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយជំរុញបង្កើនផលិតភាពនៃវិស័យផ្សេងទៀតផងដែរ។ ជាក់ស្តែងនៅក្នុងស្ថានភាពពេលនេះ ជាជាងពេលណាៗផ្សេងទៀត បច្ចេកវិទ្យាឌីជីថលដើរតួកាន់តែសំខាន់ ក្នុងការបង្កើនផលិតភាព ការជំរុញ ពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការងារ សំដៅជំរុញវឌ្ឍនភាពសង្គមឱ្យ កាន់តែរីកចម្រើនថែមទៀត។
សម្តេចតេជោ បានមានប្រសាសន៍ថា “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” បានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការ ទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋពលរដ្ឋ និង ធុរជន ដើម្បីជំរុញសន្ទុះកំណើន សេដ្ឋកិច្ចថ្មី និង លើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លង “ប្រក្រតីភាពថ្មី”។
សម្រាប់កម្ពុជាការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមា ពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យដែលពលរដ្ឋឌីជីថល អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្នភាពជឿទុកចិត្តនិង សុវត្ថិភាពខ្ពស់ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវ អត្តសញ្ញាណ និង វប្បធម៌ជាតិ។
សម្តេតេជោបានបន្តថា “ខ្ញុំមានជំនឿចិត្តដ៏មុតមាំថា កម្ពុជាត្រូវខិតខំសម្រេច “បរិវត្តកម្មឌីជីថល” ឱ្យខាងតែបាន ទើបអាចប្រែក្លាយសេដ្ឋកិច្ច-សង្គមកម្ពុជា ទៅកាន់កម្រិតអភិវឌ្ឍន៍មួយខ្ពស់ឡើងជាលំដាប់បាន”។ សម្តេចបន្តថា “ក្នុងន័យនេះ ក្រសួង-ស្ថាប័ន ទទួលបន្ទុកអនុវត្តន៍ ត្រូវសហការគ្នាជាធ្លុងមួយ ដោយមានការសម្របសម្រួល និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ក្នុងស្មារតីបុរេសកម្ម និងអន្តរសកម្មបំផុត ដើម្បីធានាបាននូវការសម្រេចបាន នូវគោលបំណងគោលនយោបាយគន្លឹះ ដែលបានកំណត់”៕