ដោយៈគង់ សូរិយា
ភ្នំពេញៈ ធនាគារធំមួយនៅកម្ពុជា FTB នឹងសាងសង់អាគារការិយាល័យកណ្តាលរបស់ខ្លួន នៅទីតាំងក្បែរស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ៣ ចាស់នាពេលខាងមុខនេះ។
យោងតាមប្រភពព៌តមាន ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ធនាគារនេះនឹងសាងសង់ការិយាល័យកណ្តាល កំពស់ជាង៤០ជាន់ នៅក្បែរគំរោង Royal One ឬនៅក្បែរស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ៣ចាស់ ដែលគំរោងនេះ នឹងលេចចេញរូបរាងនាពេលឆាប់ៗខាងមុខនេះ ខណៈការឌីសាញអាគារបានបញ្ចប់ហើយ នៅរង់ចាំតែពេលវេលាបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។
ធនាគារ FTB ជាធនាគារពាណិជ្ជធំមួយ ដែលបានពង្រីកសាខាជាច្រើននៅរាជធានីភ្នំពេញ។
ប្រភពដដែលបានបង្ហើបឲ្យដឹងថា គំរោងនេះនឹងធ្វើឲ្យតំបន់នេះ កាន់តែមានភាពទាក់ទាញ ខណៈគម្រោងជាច្រើនបានលេចរូបរាង នៅតំបន់នេះរួចហើយ ដូចជា The Canadia Tower, Wattanac Tower និងអាគារខ្ពស់ជាច្រើនទៀត ដែលត្រៀមសាងសង់នាពេលខាងមុខដូចជា Royal One ជាដើម។
បច្ចុប្បន្នគេសង្កេតឃើញធនាគារធំៗ មួយចំនួនបានប្រជែងឧត្តមភាព តាមរយៈការសាងសង់អាគារខ្ពស់ៗ ដូចជា ធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារស្ថាបនា និងធនាគារហត្ថាត្រៀមសាងសង់ ការិយាល័យកណ្តាលរបស់ខ្លួនលើផ្លូវ៦០ម៉ែត្រ និងធនាគារវីងដែលបាននិងកំពុងសាងសង់នៅពេលខាងមុខផងដែរ៕