ប្រធានាធិបតីអាមេរិកដាក់ចេញបទបញ្ជាហាមយាត់ក្រុមហ៊ុនអាមេរិកមិនឱ្យវិនិយោគជាមួយក្រុមហ៊នបច្ចេកវិទ្យាចិន

0

ដោយៈ គៀតឈូ
ភ្នំពេញ៖ លោកចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីថ្ងៃព្រហស្បតិ៍ ដែលហាមប្រាមក្រុមហ៊ុនអាមេរិក មិនឱ្យវិនិយោគលើក្រុមហ៊ុនចិនរាប់សិប ដែលមានជាប់ពាក់ព័ន្ធនឹងវិស័យការពារជាតិ ឬបច្ចេកវិទ្យាឃ្លាំមើលសកម្មភាព ដោយរដ្ឋបាលរបស់លោកឱ្យថាជាការបំពេញការខ្វះខាតរបស់អតីតរដ្ឋបាលTrump។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

មន្រ្តីរដ្ឋបាលជាន់ខ្ពស់បានប្រាប់អ្នកយកព័ត៌មានថា ក្រសួងរតនាគារនឹងពង្រឹង និងធ្វើបច្ចុប្បន្នភាពលើបញ្ជីហាមប្រាមថ្មីរបស់ក្រុមហ៊ុនចំនួន៥៩ ដែលរារាំងការទិញ ឬលក់មូលបត្រ ដែលបានជួញដូរជាសាធារណៈនៅក្នុងក្រុមហ៊ុនគោលដៅ និងជំនួសបញ្ជីមុនពីក្រសួងការពារជាតិ។

លោកបៃដិន បានថ្លែងថា បទបញ្ជានេះរារាំងការវិនិយោគរបស់សហរដ្ឋអាមេរិកពីការគាំទ្រដល់ឧស្សាហកម្មយោធាឧស្សាហកម្មចិន ក៏ដូចជាកម្មវិធីយោធា ការស៊ើបការណ៍សម្ងាត់ និងកម្មវិធីស្រាវជ្រាវសន្តិសុខ និងការអភិវឌ្ឍន៍។

ដោយប្រើពាក្យកាត់សម្រាប់សាធារណរដ្ឋប្រជាមានិតចិន លោកបៃដិនបាននិយាយថា “លើសពីនេះទៀត ខ្ញុំឃើញថា ការប្រើប្រាស់បច្ចេកវិទ្យាឃ្លាំមើលរបស់ចិននៅក្នុងទឹកដីខ្លួន និងការអភិវឌ្ឍ ឬការប្រើប្រាស់បច្ចេកវិទ្យាឃ្លាំមើលរបស់ចិន ដើម្បីសម្រួលដល់ការបង្ក្រាប ឬការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរគឺជាការគំរាមកំហែងមួយមិនធម្មតានោះទេ”។

ឯកសារអង្គហេតុរបស់សេតវិមានស្តីពីការបញ្ជានេះ បានឱ្យដឹងថា គោលនយោបាយនេះនឹងមានប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុនទាំងនោះ ដែលបានចុះបញ្ជីនៅថ្ងៃទី២ ខែសីហា ខាងមុខ។

ក្រុមហ៊ុនធំៗ របស់ចិន ដែលបានបញ្ចូលក្នុងបញ្ជីក្រសួងការពារជាតិកាលពីមុន ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីដែលបានធ្វើបច្ចុប្បន្នភាពផងដែរ រួមមានក្រុមហ៊ុន Aviation Industry Corp of China (AVIC), ក្រុមហ៊ុន China Mobile Communications Group, ក្រុមហ៊ុន China National Offshore Oil Corp (CNOOC), ក្រុមហ៊ុន Hangzhou Hikvision Digital Technology ក្រុមហ៊ុន Huawei Technologies និងក្រុមហ៊ុន and Semiconductor Manufacturing International Corp (SMIC)។ ក្រុមហ៊ុន SMIC ដើរតួនាទីយ៉ាងក្នុងការជំរុញវិស័យឈីបក្នុងស្រុករបស់ចិន។

មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា “យើងរំពឹងយ៉ាងមុតមាំថា នៅប៉ុន្មានខែខាងមុខនេះ … យើងនឹងបន្ថែមក្រុមហ៊ុនបន្ថែមទៅក្នុងបញ្ជាថ្មីនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here