ដោយៈគង់ សូរិយា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជាដែលជាស្ថាប័នវាយតម្លៃសេដ្ឋកិច្ចផងដែរនោះ នៅមិនទាន់ប្រាកដនៅឡើយថា តើវិស័យសំណង់និងអចលនទ្រព្យ នឹងវិវត្តន៍បែបណានៅឡើយទេនៅក្នុងឆ្នាំនេះ។
យោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ទោះជាវិស័យសំណង់ និងអចលនទ្រព្យ ធ្លាប់ត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញជាបណ្តើរៗ ក្នុងឆ្នាំ២០២១នេះយ៉ាងណាក្តី ប៉ុន្តែក្រោយព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ការព្យាករណ៍អាចប្រែប្រួល ហើយកំណើនគឺអាស្រ័យទាំងស្រុងថា តើរដ្ឋាភិបាលទប់ទល់នឹងជំងឺកូវីដបានល្អកម្រិតណា ហើយតើសកម្មភាពសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់នឹងរីកចម្រើនកម្រិតណា។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា គម្រោងសំណង់ដែលត្រូវបានអនុម័តនៅឆ្នាំ ២០២០ បានកើនឡើងត្រឹមតែ១ភាគរយប៉ុណ្ណោះ តម្លៃទុនវិនិយោគវិញ គឺធ្លាក់ចុះដល់ទៅ៣២,១ភាគរយ។
លើសពីនេះ ផ្ទៃគម្រោងសាងសង់សរុប ដែលបានអនុម័តក្នុងឆ្នាំ ២០២០ ក៏បានធ្លាក់ចុះ២៦,៩ភាគរយផងដែរ (សល់ត្រឹម១៧ លានម៉ែត្រការ៉េ)។ កត្តានេះ បានធ្វើឱ្យវិស័យសំណង់ បង្អាក់កំណើនសេដ្ឋកិច្ច -០,២ភាគរយនៅឆ្នាំ ២០២០។
របាយការណ៍ដដែលបានបន្ថែមទៀតថា ការធ្លាក់ចុះនៅក្នុងវិស័យទាំង២ នេះ គឺដោយសារតែចំនួនការផ្អាកគម្រោង ការវិនិយោគថយចុះ និងការធ្លាក់ចុះនូវការនាំចូលសម្ភារៈសំណង់ ដែលភាគច្រើនបណ្ដាលមកពីវិបត្តិកូវីដ។
ដូច្នេះ សង្ឈឹមធំបំផុតរបស់វិស័យទាំង២នេះ គឺស្ថិតក្នុងដៃរបស់រដ្ឋាភិបាលថាអាចគ្រប់គ្រងស្ថានភាពកូវីដបានកម្រិតណា។
របាយការណ៍ដដែលបានបន្ថែមទៀតថា ជាមួយកំណើនសេដ្ឋកិច្ចសកល និងក្នុងតំបន់ បូកនឹងការប្រសើរឡើងនៃទំនុកចិត្តទីផ្សារ នៅឆមាសទី២ នៃឆ្នាំ២០២១ កម្ពុជាអាចនឹងទាក់ទាញលំហូរវិនិយោគផ្ទាល់ ពីបរទេសបន្ថែម ដែលនឹងធ្វើឱ្យវិស័យទាំង២នេះ រីកចម្រើនជាបណ្តើរៗផងដែរ៕