ដោយៈ ម៉ាណេត
ភ្នំពេញៈ ខណ្ឌទួលគោក ដែលជាខណ្ឌដែលស្ថិតនៅទិសខាងជើងឈៀងខាងលិចនៃរាជធានីភ្នំពេញ បានក្លាយជាតំបន់ដ៏ទាក់ទាញសម្រាប់អាគារខ្ពស់ៗ និងបណ្តុំដោយធុរៈកិច្ចជាច្រើនប្រភេទរួមមានផ្សារទំនើប អគារពាណិជ្ជកម្ម អគារស្នាក់នៅ និងភោជនីយដ្ឋានដើម។
ការសិក្សាយមួយបានឱ្យដឹងកាលពីថ្មីៗនេះថា ខណ្ឌនេះក៏ជាប់ជាខណ្ឌមួយ ដែលអ្នកស្វែងរកអចលនទ្រព្យច្រើនជាងគេក្នុងខែមេសាកន្លងទៅនេះ។ ប៉ុន្មានឆ្នាំក្រោយនេះ ខណ្ឌទួលគោកបានក្លាយជាខណ្ឌដែលល្បីបំផុតទី២ បន្ទាប់ពីខណ្ឌចំការមន។
ជាពិសេសមួយរយៈពេលចុងក្រោយនេះ ខណ្ឌទួលគោកបានទទួលបាននូវវត្តមានធុរៈកិច្ចជាច្រើនប្រភេទរួមមានផ្សារទំនើប អគារពាណិជ្ជកម្ម អគារស្នាក់នៅ និងភោជនីយដ្ឋានជាច្រើនប្រភេទ។ តំបន់នេះក៏សម្បូរទៅដោយផ្ទះវីឡាធំៗផងដែរ។
អ្នកជំនាញអចលនទ្រព្យជាច្រើនបានឱ្យដឹងថា ទួលគោក គឺជាតំបន់ទាក់ទាញមួយសម្រាប់អភិវឌ្ឍន៍ខុនដូ និងអគារខ្ពស់ៗ បន្ទាប់ពីតំបន់បឹងកេងកង។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានប្រាប់កាលពីថ្មីៗនេះថា ពីមុនបើនិយាយពីខុនដូ គឺគេសំដៅលើតំបន់បឹងកេងកេង តែបច្ចុប្បន្ននេះគេ ឃើញថា តំបន់ផ្សេងៗក៏ទាក់ទាញនូវគម្រោងខុនដូ និងអគារពាណិជ្ជកម្ម ក្នុងនោះទួលគោកក៏ជាតំបន់ ដែលមានការអភិវឌ្ឍខុនដូច្រើនជាងគេមួយ នៅរាជធានីភ្នំពេញ។
លោកបានថ្លែងទៀតថា កត្តាដែលធ្វើឱ្យតំបន់ទួលគោក ទាក់ទាញការវិនិយោគលើខុនដូ គឺតម្លៃដីនៅមានកម្រិតបើធៀបនឹងតំបន់ដែលមានសក្ដានុពលនៃការអភិវឌ្ឍខុនដូ ហើយទួលគោកក៏ប្រៀបបាននឹងតំបន់កណ្ដាលក្រុងមួយ ងាយស្រួលក្នុងការធ្វើដំណើរទៅគ្រប់ទិសនៃរាជធានីភ្នំពេញ ដូច្នេះហើយទើបវិនិយោគិនចាប់អារម្មណ៍លើការអភិវឌ្ឍខុនដូនៅតំបន់ទួលគោក។
លោកបានថ្លែងបន្តថា “ទួលគោកជាតំបន់មួយ ដែលមានការអភិវឌ្ឍលឿន ក្នុងនោះមានសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ និងអាជីវកម្មចម្រុះ”។
លោកបានបន្តថា នៅក្នុងចំណុចវិជ្ជមានក៏មានចំណុច ហើយអវិជ្ជក៏មានសម្រាប់វិស័យខុនដូ ក្នុងតំបន់ទួលគោកនេះ ព្រោះវិនិយោគិនអភិវឌ្ឍន៍ខុនដូភាគច្រើន គឺផ្ដោតតែលើជនបរទេស និងអ្នកមានចំណូលខ្ពស់ មានន័យថា ខុនដូ ភាគច្រើននៅទួលគោក គឺមានតម្លៃខ្ពស់ ដែលធ្វើឱ្យអ្នកមានជីវភាពមធ្យម មិនមានលទ្ធភាពទិញ ជាក់ស្ដែង នៅពេលមានបញ្ហាដោយសារតែកូវីដ១៩ ធ្វើឱ្យការលក់ខុនដូ សម្រាប់ជនបរទេស និងអ្នកមាន គឺជួបបញ្ហាប្រឈមដូច្នេះ៕