ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានលើកឡើងថា ការឈានចូលទីផ្សារកម្ពុជារបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ នឹងបង្កើតភាពប្រកួតប្រជែងថ្មីៗ ដែលទាមទារ ឱ្យក្រុមហ៊ុនក្នុងស្រុក ពង្រឹងភាពខ្លាំងរបស់ខ្លួន ដើម្បីត្រៀមប្រកួតប្រជែងក្នុងការចាប់យកចំណែកទីផ្សារ។
អ្នកនាងគឹម គិនកេសាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំនេះថា ការឈានចូលទីផ្សារកម្ពុជារបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិគឺរឿងល្អ ដែលបង្ហាញថាទីផ្សារកម្ពុជា មានសក្តានុពល និងនៅតែមានឱកាសច្រើនសម្រាប់ការបង្កើតចំណូល។
អ្នកនាងបានថ្លែងថា “ពេលនេះយើងត្រូវចេះសម្របខ្លួនទៅតាមស្ថានភាពទីផ្សារ និងកំណត់សេវាកម្ម ឬផលិតផលអ្វីដែលទីផ្សារត្រូវការ”។អ្នកនាងបានបន្តថា “ការប្រកួតប្រជែងថ្មីៗគឺជារឿងមួយល្អ នៅពេលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យផ្សេងៗ ឈានជើងចូលទីផ្សារកម្ពុជា ដោយសារគាត់មើលទីផ្សាររបស់យើងមានសក្តានុពល និងឱកាសក្នុងការបង្កើតចំណូល ហើយក្រុមហ៊ុនថ្មីៗ ដែលចូលមកទីផ្សាររបស់យើង នឹងនាំមកបទពិសោធន៍ និងចំណេះដឹងថ្មីៗមកកាន់ទីផ្សារក្នុងស្រុក”។
អ្នកបានឱ្យដឹងទៀតថា ទាក់ទងនឹងការប្រកួតប្រជែង វាតែងតែមានហើយនៅពេលក្រុមហ៊ុនថ្មីៗឈានទីផ្សារមួយណាមួយ ហើយក្នុងនោះ ក៏មានចំណុចខ្លាំង និងខ្សោយរបស់ក្រុមហ៊ុនដែលចូលមកទីផ្សារ ដោយសារក្រុមហ៊ុនមានឯកទេសរៀងៗ ដើម្បីបម្រើដល់ទីផ្សារ។
អ្នកនាងបានលើកឡើងថា ក្រុមហ៊ុន ដែលមានវត្តមានស្រាប់នៅទីផ្សារកម្ពុជា គួរពង្រឹងភាពខ្លាំងរបស់ខ្លួន ដើម្បីត្រៀមប្រកួតប្រជែង នៅពេលដែលក្រុមហ៊ុនទាំងនោះបង្ហាញវត្តមាននៅទីផ្សារកម្ពុជា៕