អ្នកជំនាញៈ ដីឧស្សាហកម្មនៅតែមានតម្រូវការទោះស្ថិតក្នុងវិបត្តិកូវីដ១៩

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ រដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគលើការបង្កើតរោងចក្រ និងទីតាំងផលិតកម្មជាបន្តបន្ទាប់ ដែលកត្តាជំរុញឱ្យតម្រូវដីឧស្សាហកម្មមានការបន្តបន្ទាប់។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងប្រាប់នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដីឧស្សាហកម្មនៅតែមានតម្រូវការបន្តបន្ទាប់ ខណៈរដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគលើការបង្កើតរោងចក្រ និងទីតាំងផលិតកម្មជាច្រើន ទោះស្ថិតក្នុងស្ថិតក្នុងវិបត្តិកូវីដ១៩។

លោកបានថ្លែងថា ការប្រើប្រាស់ដីឧស្សាហកម្មនេះមានចំនួន២យន្តការ។ យន្តការទី១ គឺការផ្លាស់ប្តូរទីតាំងរោងចក្រពីក្នុងទីក្រុងភ្នំពេញ ទៅក្រៅក្រុងភ្នំពេញ ដែលតម្រូវឱ្យមានការរៀបចំរួចរាល់នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ហើយយន្តការទី២ រោងចក្រថ្មីៗ ដែលចាប់ផ្តើមការវិនិយោគនៅកម្ពុជា និងបំណងចង់ធ្វើជាឧស្សាហកម្មធំៗ ដើម្បីបម្រើឱ្យតម្រូវការរបស់ពួកគាត់ជ្រើសរើសទីតាំងដែលងាយស្រួលក្នុងការដឹកជញ្ជូន។

លោកបានថ្លែងបន្តថា “ភាគច្រើន ដីឧស្សាហកម្ម ត្រូវបានក្រុមហ៊ុន ជ្រើសរើសយកជាទីតាំងផលិតម្ម ដោយសារតែទីតាំងទាំង២ អំណោយផលដល់ការដឹកជញ្ជូន ហើយការជ្រើសរើសដីធ្វើជាទីតាំងផលិតកម្មរបស់ក្រុមហ៊ុនទាំងនេះ ភាគច្រើន ធ្វើតាមរយៈពេលដៃគូពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអាចផ្តល់ព័ត៌មានដល់ក្រុមហ៊ុនវិនិយោគទាំងនេះ”។

លោកបានឱ្យដឹងថា “ប្រាកដណាស់ ការឈានចូលរបស់ក្រុមហ៊ុនវិនិយោគលើវិស័យឧស្សាហកម្ម ឬរោងចក្រ នឹងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ ដែលក្រុមហ៊ុនបានបោះទីទាំងផលិតកម្ម ដោយសារវានឹងបង្កើតការងារដល់ប្រជាជន និងលើកម្ពស់កម្រិតជីវភាពមួយកម្រិតទៀត”។

រដ្ឋាភិបាល តាមយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងថ្មីៗចំនួន៤០គម្រោង ដែលបោះទុនវិនិយោគ២.១១៥,៥លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ និងបង្កើតការងាររាប់ម៉ឺនកន្លែង សម្រាប់ប្រជាជននៅក្នុងស្រុក បើទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយ។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន Advance Real Estate បានឱ្យដឹងថា នៅក្នុងដំណាក់កាលនេះ ការវិនិយោគទៅលើរោងចក្រ ដូចជា ការទិញដីសម្រាប់សង់រោងចក្រ និងការសង់ឃ្លាំងសម្រាប់ជួលបម្រើ ក្នុងវិស័យឧស្សាហកម្មកាត់ដេរ នៅតែមានកំណើនជាក់ស្ដែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញប្រកាសជាហូរហែពីការវិនិយោគលើវិស័យរោងចក្រនេះ។

លោកបានឱ្យដឹងទៀតថា “នៅក្នុងពេលនេះ វិស័យ ដែលសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា គឺនៅតែជាវិស័យឧស្សាហកម្មកាត់ដេរ ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងសម្រួលដល់ការវិនិយោគសម្រាប់វិស័យនេះ និងវិស័យផ្សេងៗជាច្រើនទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here