ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន NagaCorp ដែលគ្រប់គ្រងដោយមហាសេដ្ឋីម៉ាឡេស៊ី Chen Lip Keong បានឱ្យដឹងថា ខ្លួនគ្រោងប្រមូលទុនចំនួន២០០លានដុល្លារតាមរយៈការចេញបណ្ណបំណុលបន្ថែម ដើម្បីពង្រឹងតុល្យភាពហិរញ្ញវត្ថុរបស់ខ្លួន ខណៈវិបត្តិកូវីដ១៩កំពុងបង្កផលប៉ះពាលដល់ចំណូលរបស់ខ្លួននៅទីក្រុងភ្នំពេញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានForbes កាលពីសប្តាហ៍មុន។
NagaWorld ដែលជារមណីយដ្ឋានបែបចម្រុះក្នុងរាជធានីភ្នំពេញ ប្រកាសបានផ្អាកដំណើរការ តាំងពីដើមខែមីនា បន្ទាប់ពីបុគ្គលិក១១នាក់បានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺបន្ថែមទៀតរដ្ឋាភិបាលកម្ពុជាកាលពីសប្តាហ៍មុនបានហាមប្រាមការប្រមូលផ្តុំចាប់ពី១៥នាក់ឡើង និងបានបញ្ជាឱ្យបិទកន្លែងកំសា ន្តរួមមានកាស៊ីណូ និងក្លឹបរាត្រីនៅក្នុង និងជុំវិញរាជធានី។
ក្រុមហ៊ុន NagaCorp បានឱ្យដឹងនៅក្នុងឯកសារដែលដាក់ជូនផ្សារភាគហ៊ុនហុងកុងថា “ប្រតិបត្តិការអាជីវកម្មរបស់យើងនៅតែត្រូវបានផ្អាក ហើយយើងមិនបានបង្កើតប្រាក់ចំណូលណាមួយឡើយ”។ នៅឆ្នាំ២០២០ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបានធ្លាក់ចុះពី៥២១លានដុល្លារ មកត្រឹម១០២លានដុល្លារ ដោយសារវិបត្តិកូវីដ១៩។
ជាមួយនឹងស្ថានភាពរាតត្បាតកាន់តែអាក្រក់ឡើងនៅកម្ពុជាក្នុងឆ្នាំនេះ ក្រុមហ៊ុន NagaCorp បានសម្រេចចិត្តបោះផ្សាយបណ្ឌបំណុលបន្ថែមបណ្ឌបំណុលដើមចំនួន៣៥០លានដុល្លារ ដែលបានបោះចេញកាលពីខែកក្កដា ឆ្នាំ២០២០។
ទោះបីជាការសន្សំពីការចំណាយ និងសាច់ប្រាក់ និងប្រាក់បញ្ញើបច្ចុប្បន្នរបស់ក្រុមហ៊ុនមានចំនួន៤៥១,៧ លានដុល្លារគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ និងគិតពីភាគលាភ៨១,៧លានដុល្លារគ្រោងនឹងទូទាត់ទៅឱ្យភាគហ៊ុនិកនៅខែក្រោយ។ ក្រុមហ៊ុនបានឱ្យដឹងថា សាច់ប្រាក់ងាយស្រួលរបស់យើងអាចជួយដល់ការចំណាយប្រតិបត្តិការ និងចំណាយការប្រាក់ច្រើនបានជាង៦ខែទៅមុខ។
ក្រុមហ៊ុនNagaCorp ត្រូវបានបង្កើតឡើងដោយលោក Chen ក្នុងឆ្នាំ១៩៩៥ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណកាស៊ីណូនៅភ្នំពេញ ដែលអាចដំណើរការរហូតដល់ឆ្នាំ២០៦៥។ បញ្ជីអ្នកមានរបស់ប្រទេសដែលបានចេញផ្សាយកាលពីសប្តាហ៍មុន លោក Chen គឺជាអ្នកមានសម្បត្តិច្រើនបំផុតទី៩នៅប្រទេសម៉ាឡេស៊ី ដែលទ្រព្យសម្បត្តិសរុបប្រមាណ៣,៤ពាន់លានដុល្លារ៕