ដោយៈ ម៉ាណេត
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា នឹងដាក់ការិយាល័យតំណាងនៅទីក្រុងតូក្យូ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ ឱ្យដឹងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបង្កើនភាពទាក់ទាញដល់អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាបន្ថែម សភាពាណិជ្ជកម្មកម្ពុជា នឹងមានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូក្យូ ក្នុងពេលខាងមុខឆាប់ៗនេះ។
លោកឧកញ៉ាបានថ្លែងថា “យើងបានប្រជុំគ្នារួចហើយ ដោយយើងនឹងមានការចាត់តាំងតំណាង សភាពាណិជ្ជកម្មប្រចាំនៅជប៉ុនតែម្តង ហើយយើងមិនបោះឆ្នោតទេ ដោយភាគីជប៉ុន នឹងចាត់ឱ្យតំណាងគាត់មក ហើយយើងនឹងចាត់តាំងតំណាងសភាពាណិជ្ជកម្ម”។លោកបន្តថា “ក្នុងនាមអ្នកតំណាងនេះ យើងជ្រើសរើសអ្នកដែលជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា ដែលខាងភាគីជប៉ុនស្នើសុំមក”។
លោកឧកញ៉ាលឹម ហេងបានឱ្យដឹងថា អ្នកដែលតំណាងឱ្យយើង ភាគច្រើនគឺជាក្រុមហ៊ុនជប៉ុន ដែលមានអាជីវកម្មនៅកម្ពុជា ឬស្គាល់ពីកម្ពុជាច្បាស់ ហើយយើងនឹងធ្វើ ឱ្យកាន់តែជិតស្និតជាមួយសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការផ្សព្វផ្សាយជាមួយនឹងគោលនយោបាយផ្សេងៗ ការលើកទឹកចិត្ត និងច្បាប់វិនិយោគ ក្នុងការទាក់ទាញអ្នកវិនិយោគមកពីប្រទេសជប៉ុនបន្ថែម។
លោកឧកញ៉ាបានថ្លែងបន្តថា “កិច្ចការរៀបចំតំណាងនេះ នឹងអាចធ្វើទៅបានលឿន ដោយសារគ្រាន់តែរងចាំការស្នើដាក់តំណាងពីភាគីជប៉ុន ហើយយើងនឹងរៀបចំឯកសារ ដើម្បីបញ្ជូនទៅស្ថានទូតយើងនៅជប៉ុន ដោយមានអនុព័ន្ធពាណិជ្ជកម្មនៅទីនោះ ហើយអាចធ្វើការជាមួយគ្នាបានតែម្តង”។
វិនិយោគិនជប៉ុនបាន និងកំពុងវិនិយោគស្ទើតែគ្រប់វិស័យនៅកម្ពុជា ប៉ុន្តែអ្វីដែលយើងមើលឃើញភាគច្រើន វិនិយោគិនជប៉ុនវិនិយោគលើផ្នែកអេឡិចត្រូនិក និងគ្រឿងបង្គំរថយន្ត ហើយបច្ចុប្បន្នយើងឃើញ វិនិយោគក៏បានឈានជើង ចូលមកវិនិយោគលើវិស័យអចលនទ្រព្យ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកសិកម្មនៅកម្ពុជាផងដែរ៕