ដោយៈលក្ខិណា
ភ្នំពេញៈ ប្រជាជនកម្ពុជាជាជនជាតិ ដែលនិយមទទួលទានត្រីច្រើនជាងគេ ហើយទទួលទានត្រីច្រើនជាងសាច់សត្វដទៃទៀត ជាក់ស្ដែងបើតាមការសិក្សាប្រជាជនកម្ពុជាជាង១៥លាននាក់ ត្រូវការតម្រូវការត្រីសរុបជាង៨០ម៉ឹនតោនក្នុងមួយឆ្នាំៗ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចេញផ្សាយថ្ងៃទី១៥ មិថុនា ២០២១នេះ បានឱ្យដឹងថា តាមការស្រាវជ្រាវប្រជាជនកម្ពុជាជាអ្នក ដែលចូលចិត្តបរិភោគត្រីហើយក្នុងមួយឆ្នាំៗ ប្រជាជនកម្ពុជាបរិភោគត្រីច្រើនជាងការបរិភោគសាច់សត្វដទៃទៀត។
ការស្រាវជ្រាវបានឱ្យដឹងថា ប្រជាជនកម្ពុជាម្នាក់បរិភោគត្រី ប្រមាណ៥២,៤គីឡូក្រាមក្នុងមួយឆ្នាំ តែសម្រាប់ប្រជាជនរស់នៅតំបន់ទំនាបលិចទឹកវិញ បរិមាណនៃការបរិភោគត្រី បានកើនឡើងដល់ទៅប្រមាណ៧៥,៦គីឡូក្រាម ក្នុងមួយឆ្នាំក្នុងមនុស្សម្នាក់ ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា ធនធានមនុស្សពាក់ព័ន្ធនឹងការងារវាវប្បកម្ម មានសមត្ថភាពគ្រប់គ្រាន់។ មន្ត្រីជំនាញ វារីវប្បកម្មត្រូវបានទទួលស្គាល់បណ្ដុះបណ្ដាលក្នុង និងក្រៅប្រទេស និងបានយកចំណេះជំនាញនេះ ទៅបណ្ដុះបណ្ដាលដល់កសិករឱ្យចេះចិញ្ចឹមត្រី នៅស្ទើរតែគ្រប់រាជធានី ខេត្តដែលមានសក្ដានុពលផលិត ។
ទោះជាយ៉ាងនេះក្ដី យើងទទួលស្គាល់ថា មូលហេតុចម្បងនៃតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅតែបន្តជួបបញ្ហាប្រឈម មិនទាន់ដោះស្រាយបាននៅឡើយ ដោយសារតែ ការថមថយផលត្រីពីធម្មជាតិ មានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រី នៅកម្ពុជា ការប្រកួតប្រជែងទីផ្សារក្នុងស្រុក យន្តការត្រួតពិនិត្យនៃការនាំចូល មានភាពស្មុគស្មាញ ទាំងបរិមាណគុណភាព និងកាតព្វកិច្ច នានាសម្រាប់អ្នកនាំចូលនិងមានសមត្ថកិច្ចទទួលខុសត្រូវច្រើន។
បញ្ហាប្រឈមមួយទៀតនោះ គឺការវិនិយោគពីវិស៧យឯកជន លើការធ្វើវារីវប្បកម្មនៅខ្វះទុន និងខ្វះចំណេះដឹង ក្នុងការសិក្សាពីតម្រូវការទីផ្សារក្នុង និងក្រៅប្រទេសគួបផ្សំជាមួតម្លៃ នៃការដឹកជញ្ជូនក្នងុស្រុកនិងការនាំចេញ តម្លៃសេវាក្នុងការផលិតកែច្នៃនិងស្តុកនៅមានតម្លៃ ។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ដោយសារតែតម្រូវការកើនឡើងធ្វើឱ្យការផ្គត់ផ្គង់ក្នុងស្រុក មិនទាន់ឆ្លើយតបបានគ្រប់គ្រាន់ ដែលធ្វើឱ្យការនាំចូលត្រីពីប្រទេសជិតខាងនៅតែបន្ត ។ យ៉ាងណាក្ដី រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តប្រកបដោយភាពកក់ក្ដៅ ដើម្បីអនុវត្តគម្រោងវារីវប្បកម្ម ពិសេសការចិញ្ចឹមត្រូវអណ្ដែង និងកង្កែបក្នុងតង់ប្លាស្ទិក ដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់ នៅតាមខេត្តគោលដៅចំនួន១១ និងខេត្តទទួលរងគ្រោះជំនន់ទឹកភ្លៀង ចំនួន៤នាពេលកន្លងមក៕