ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ទោះបីជាកម្ពុជានៅតែបន្តរកឃើញករណីវិជ្ជមាននៃកូវីដ១៩ក្នុងចំនួនច្រើនយ៉ាងណាក្ដី ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា នៅតែព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២១នេះ នៅតែរក្សាបាននូវកំណើនវិជ្ជមាន ដូចការព្យាករណ៍របស់ខ្លួនតាំងពីចុងឆ្នាំ២០២០ ក្នុងអត្រាកំណើន៤ភាគរយ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ចេញផ្សាយថ្ងៃទី១៧ មិថុនា ២០២១នេះបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីថយចុះ៣,១ភាគរយនៅក្នុងឆ្នាំ២០២០។ តែយ៉ាងណាការងើបឡើងវិញនេះ គឺមានរបាយមិនស្មើគ្នា ដោយផ្នែក និងងាយប្រែប្រួលមួយផ្នែក ដោយសារតែការដាក់ចេញជាថ្មីនូវវិធានការបិទខ្ទប់ក្នុងប្រទេស ដែលបណ្ដាលមកពីការផ្ទុះការឆ្លងជំងឺកូវីដ១៩ នាពេលថ្មីៗនេះ។
របាយការណ៍បានបន្តថា មិនខុសពីបណ្ដាប្រទេសជាច្រើនក្នុងតំបន់ដែរ កម្ពុជាទទួលរងការប៉ះពាល់យ៉ាងខ្លាំង ដោយសារតែវិបត្តិតម្រូវការសកល និងការបិទអាជីវកម្មពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលបង្កការប៉ះពាល់ខុសគ្នាៗ លើវិស័យផ្សេងៗ ដូចដែលបានព្យាករណ៍ទុក។
កសិកកម្មជាវិស័យដែលមានភាពធន់ ក្នុងអំឡុងវិបត្តិកូវីដ១៩នេះ ហើយវិស័យនេះត្រូវបានជំរុញដោយកំណើននៃការវិនិយោគ ដោយសារតែភាពវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាពេលថ្មីៗនេះ និងកម្មវិធីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
ក្នុងរបាយការណ៍របស់ធនាគារពិភពលោកដដែលក៏បានបង្ហាញផងដែរថា រដ្ឋាភិបាលមានលទ្ធភាពផ្ដល់ជំនួយបន្ថែមផ្នែកសារពើពន្ធ និងរូបិយវត្ថុ នៅពេលដែលជំងឺរាតត្បាតនេះកាន់តែឡើងខ្លាំង។
ថវិកាសម្រាប់ជំនួយសង្គ្រោះ និងការអន្តរាគមន៍ស្ដារឡើងវិញ ដែលពាក់ព័ន្ធនឹងកូវីដ១៩ នៅក្នុងឆ្នាំ២០២១នេះ មានចំនួន៧១៩លានដុល្លារ ដោយថវិកានេះ មានចំនួន៨២៣លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២០កន្លងទៅ។
កត្តាមួយចំនួន ដែលធនាគារពិភពលោកនៅតែរក្សាជំហរការព្យាកររបស់ខ្លួនលើសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១នេះដោយសំអាងលើ ការនាំចេញរបស់កម្ពុជាមានកំណើនឡើងវិញក្នុងឆ្នាំនេះ លំហូរចូលការវិនិយោគផ្ទាល់ពីបរទេសដែលមានភាពរឹងមាំ បានជួយរក្សាវិស័យនាំចេញ លក្ខខណ្ឌរូបិយវត្ថុនៅតែមានភាពបន្ធូរបន្ថយ និងការឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ មានតម្រូវការច្រើនដដែល៕