អ្នកឧកញ៉ាលី យ៉ុងផាត់បង្កើតសម្ព័ន្ធកសិ-ឧស្សាហកម្មដើម្បីលើកកម្ពស់ ផលិតផលក្នុងស្រុក

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកឧកញ៉ាលី យ៉ុងផាត់ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនលី យ៉ុងផាត់គ្រុបបានប្រកាសបង្កើតសម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា ដោយទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

អ្នកឧកញ៉ានឹងដើរតួនាទីជាប្រធានសម្ព័ន្ឋនេះ ដែលបាននឹងកំពុងរៀបចំសេចក្តីព្រាង ដើម្បីបង្កើត និងអាចដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។
សម្ព័ន្ធនេះមានតួនាទីសំខាន ក្នុងការជម្រុញការអភិវឌ្ឍកសិ-ឧស្សាហកម្មកម្ពុជាឲ្យរីកចម្រើន ប្រកបដោយចីរភាព និងនិរន្តរភាព ទូលំទូលាយ គ្របដណ្តប់លើគ្រប់ប្រភេទដំណាំ និងភូមិសាស្រ្តទូទាំងប្រទេស។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍កៅស៊ូកម្ពុជា លោក ម៉ែន សុភ័ក្រ្តបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ មិថុនានេះថា ទីផ្សារកៅស៊ូនៅកម្ពុជានាប៉ុន្មានឆ្នាំកន្លងមក ទីផ្សារលក់ចេញកៅស៊ូ បានធ្លាក់ចុះជាបន្តបន្ទាប់តែនៅក្នុងឆ្នាំ២០២១ ទីផ្សារនេះបានងើបឡើងល្អប្រសើរខ្លះៗ តែទោះជាយ៉ាងណាក៏មានការប្រែប្រួល អំពីតម្លៃនៃការលក់ចេញបន្តិចបន្តួចផងដែរ។ ចំណែកការបង្កើតសម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា។

លោកបានបង្ហាញការគាំទ្រពេញទំហឹងចំពោះសម្ព័ន្ឋនេះ ព្រោះកសិ-ឧស្សាហកម្ម គឺជាចំណែកមួយ នៃសក្តានុពលសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលត្រូវការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ជាក់ស្តែងការបង្កើតឲ្យមានសម្ព័ន្ធកសិ -ឧស្សាហកម្មនេះ គឺជាការរូបរួមគ្នាបង្កើតជាប្រព័ន្ធ នឹងការរួមកំលាំងគ្នា ចរចារទីផ្សារនាំគ្នាផលិតតម្រូវការទីផ្សារ ជាពិសេសជម្រុញលើកកម្ពស់ការដាំដុះផលិតផលក្នុងស្រុក។

ជាមួយគ្នានេះ លោកសុង ខេងលាន នាយកគ្រប់គ្រងសហគ្រាសC.L.S បានមានប្រសាសន៍ថា គម្រោងបង្កើតសម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា វាជាការងារថ្មីមួយទៀត ក្នុងការចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក ប៉ុន្តែអ្វីៗដែលជួបប្រទះកន្លងមក គឺបញ្ហានៃការទទួលបានប្រភពព័ត៌មានមិនបានគ្រប់គ្រាន់ ត្រឹមត្រូវ និងទាន់ពេលវេលា។

លោកបន្តថា “ដូច្នេះតាមរយៈនៃការបង្កើតសម្ព័ន្ធកសិ- ឧស្សាហកម្មកម្ពុជា សម្រាប់ជំហានដំបូង លោកចង់ឲ្យសម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា បង្កើតនូវប្រភពទិន្នន័យរួមមួយ ដើម្បីទទួលបានព័ត៌មានផ្សេងៗ ជុំវិញការអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here