ដោយៈ ប៊ី
ភ្នំពេញៈ ក្រសួងទេសចរណ៍ នឹងបញ្ឈប់ការចេញអាជ្ញាបណ្ណទេសចរណ៍ ដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាម ផ្លូវគោក និងផ្លូវទឹកដើមខែក្រោយ។ នេះបើយោងតាមការសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
សេចក្តីជួនដំណឹងបានឱ្យដឹងថា ក្រសួងទេសចរណ៍នឹងបញ្ឈប់ការចេញអាជ្ញាបណ្ណទេសចរណ៍ ដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាម ផ្លូវគោក និងផ្លូវទឹកចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ តទៅ។
អាជ្ញាបណ្ណទេសចរណ៍ សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍ តាមផ្លូវគោក និងផ្លូវទឹកចេញដោយក្រសួង ទេសចរណ៍កន្លងមក ដែលនៅមានសុពលភាពអាចបន្តអនុវត្តន៍រហូតដល់អស់សុពលភាព។
លោក-លោកស្រីជាម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរណ៍ តាមផ្លូវគោក និងផ្លូវទឹកដែលមានលិខិតអនុញ្ញាត ឱ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ផ្ដល់ដោយក្រសួងសាធារណការនិងដឹកជញ្ជូន គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ប្រកបអាជីវកម្មដឹកជញ្ជូនទេសចរណ៍ ដោយពុំបាច់តម្រូវឱ្យស្នើសុំអាជ្ញាបណ្ណ ទេសចរណ៍ពីក្រសួងទេសចរណ៍ថែមទៀតទ។
ដោយឡែក ម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹកនៅតែអាចស្នើសុំចូលរួមវគ្គបណ្តុះបណ្តាល ពង្រឹងគុណភាពសវាកម្ម ឬដាក់ពាក្យចូលរួមការប្រឡងប្រណាំងផ្សេងៗកម្រិត ថ្នាក់ជាតិ ឬថ្នាក់តំបន់តាមរយៈក្រសួងទេសចរណ៍បាន៕