រដ្ឋាភិបាលកំពុងពន្លឿននិងផ្តើមអាទិភាពដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

0

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជិញ្ជូន នឹងផ្តល់អាទិភាពដល់គម្រោងផ្លូវល្បឿនលឿនទី២ ដែលភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ខេត្តស្វាយរៀងនៅជាប់ព្រំដែនប្រទេសវៀតណាម។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជិញ្ជូនលោក ស៊ុន ចាន់ថុលបានបញ្ជាក់ដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (American Chamber of Commerce In Cambodia) នៅកម្ពុជា ដឹកនាំដោយលោក Anthony Galliano ប្រធាន AmCham ក្នុងសប្តាហ៍នេះថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងអស់កំពុងដំណើរការដូចការគ្រោងទុកដោយគ្មានការរំខានពីជំងឺរាតត្បាតកូវីដ-១៩ ឡើយ។

លោកបានបន្តថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតគឺជាគម្រោងមួយក្នុងចំណោមគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលរួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី ៤ ។

លោកវ៉ា ស៊ឹមសុរិយាអ្នកនាំពាក្យក្រសួងសាធារណការត្រូវបានដកស្រង់សម្តីពីសារអន្តរជាតិមួយ ដោយ លោកនិយាយថា រដ្ឋាភិបាលបានអនុញ្ញាតិឱ្យក្រុមហ៊ុនចិនធ្វើការសិក្សាលើផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប៉ុន្តែការសិក្សានេះមិនទាន់ត្រូវបានគេរាយការណ៍នៅឡើយទេ។

លោកបានឱ្យដឹងទៀតថា ក្រុមហ៊ុនត្រូវបានស្នើសុំព័ត៌មានលំអិតទៅលើការសិក្សាគម្រោងនេះ ក្រោយក្រសួងធ្វើការពិនិត្យលើរបាយការណ៍ដំបូង។

លោកបន្តថា “បន្ទាប់ពីបានធ្វើការសិក្សារួច ក្រុមហ៊ុនបានបញ្ជូនរបាយការណ៍នេះទៅក្រសួង ដើម្បីពិនិត្យបន្ថែម ប៉ុន្តែក្រុមហ៊ុនត្រូវបានស្នើសុំឲ្យធ្វើការសិក្សាបន្ថែម ជាមួយព័ត៌មានលម្អិតផងដែរ”។

នៅពេលដែលរដ្ឋាភិបាលយល់ព្រមលើគម្រោងនេះ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងក្លាយជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជាបន្ទាប់ពីការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

ការសិក្សាលើផ្លូវល្បឿនលឿនលើកទី២ត្រូវបានបញ្ចប់ដោយប្រទេសជប៉ុន ប៉ុន្តែថ្លៃដើមនៃគម្រោងដែលបានលើកឡើងនៅក្នុងរបាយការណ៍មានសភាពខ្ពស់ជាងថវិកាដែលមាន។

ការសិក្សាដំបូងប៉ាន់ស្មានលើការចំណាយអស់ជាង២ពាន់លានដុល្លារ។ គម្រោងនេះនឹងមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀងមុនពេលទៅដល់ច្រកទ្វារបាវិតជាប់ព្រំដែនវៀតណាម។

ផ្លូវល្បឿនលឿនដែលមានប្រវែង១៩០គីឡូម៉ែត្រដំបូងបង្អស់របស់ប្រទេសត្រូវបានចំណាយថវិកាជាង២ពាន់លានដុល្លារ ដោយភ្ជាប់ពីភ្នំពេញទៅឆ្នេរសមុទ្រក្រុងព្រះសីហនុ បច្ចុប្បន្នកំពុងសាងសង់ និងត្រូវបានរាយការណ៍ឲ្យដឹងថាការសាងសងសម្រេចលទ្ធផលបានជាង៥០ភាគរយហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here