ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឱ្យ ក្រុមហ៊ុនសាងសង់ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពន្លឿនការសាងសង់ផ្លូវល្បឿនលឿននេះ ឱ្យបញ្ចប់មកត្រឹមខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យប្រជាពលរដ្ឋ និងសម្រួលដល់ក្រុមហ៊ុនដឹកជញ្ជូនធំៗ ឆាប់បានប្រើប្រាស់។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងដូច្នេះ នៅថ្ងៃទី២១ មិថុនា ឆ្នាំ២០២១នេះ ក្នុងពិធីចុះត្រួតពិនិត្យការអ៊ុតបេតុងកៅស៊ូ (គ.មលេខ៣៦ នៃផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ)។
លោកបានថ្លែងថា “គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ ត្រូវបានរយៈពេល៤៨ខែ ដោយគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ប៉ុន្តែក្រសួងបានស្នើដល់ក្រុមហ៊ុនសាងសង់នេះ ពន្លឿនឱ្យបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿន មកត្រឹមខែកញ្ញា ឆ្នាំ២០២២”។
ជាមួយគ្នានេះដែរ លោកបានបន្ថែមថា នៅពេលការសាងសងសង់បានបញ្ចប់សព្វគ្រប់ យើងបានពិភ្សាជាមួយក្រុមហ៊ុន គួរអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា អាចធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ ដោយឥតថ្លៃក្នុងរយៈពេលមួយសប្តាហ៍ ឬមួយខែ ដើម្បីឱ្យពួកគាត់ពីផ្លូវល្បឿនលឿនរបស់យើង។
លោកបានបន្តថា “ពេលយកថ្លៃដំណើរតាមផ្លូវល្បឿនលឿននេះ យើងក៏បានស្នើសុំក្រុមហ៊ុន បញ្ចុះតម្លៃសម្រាប់ប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះបាន”។ លោកបន្តថា “ជារួមតម្លៃប្រើប្រាស់ផ្លូវល្បឿនលឿន គេគិតថ្លៃចាប់ពី១០ទៅ១៥សេនដុល្លារ ក្នុងមួយគីឡូម៉ែត្រ ហើយផ្លូវរបស់យើងជាង២០០គីឡូម៉ែត្រ វាអស់ថ្លៃសេវាជាង២០ដុល្លារ គិតតាមស្តង់ដារក្នុងស្រុកគេ”។
លោកបានឱ្យដឹងទៀតថា ដូច្នេះ ស្នើសុំក្រុមហ៊ុនឱ្យបញ្ចុះសេវាកម្មការ ដំណើរតាមផ្លូវល្បឿនលឿននេះ ដើម្បីអាចឱ្យប្រជាពលរដ្ឋកម្ពុជា មានលទ្ធភាពក្នុងការប្រើប្រាស់ផ្លូវនេះ ហើយនៅពេលកម្ពុជាមានសេដ្ឋកិច្ច កាន់តែរីកចម្រើននាពេលខាងមុខ ក្រុមហ៊ុនអាចយកថ្លៃសេវាកម្មបានពេញលេញ។
ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលសាងសង់ផ្លូវល្បឿនលឿននេះ ទទួលបានការសម្បទានអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាលរយៈពេល៥០ឆ្នាំ និងចំណាយទុនអភិវឌ្ឍន៍២ពាន់លានដុល្លារ៕