ដោយៈ សុខុម
បាងកក: ក្រុមហ៊ុនអាមេរិក CBRE ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិឈានមុខគេផ្នែកអចលនទ្រព្យបានរកឃើញថា ការផ្គត់ផ្គង់ក្នុងទីផ្សារការិយាល័យក្រុងបាងកក បានកើនឡើង ខណៈអ្នកជួលពិចារណាកាត់បន្ថយទំហំការិយាល័យ ដើម្បីកាត់ចំណាយថ្លៃជួលក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១។
យោងតាមគេហទំព័រ CBRE Thailand ចុះផ្សាយកាលពីថ្ងៃទី១៧ មិថុនា ឱ្យដឹងថា ទីផ្សារការិយាល័យក្នុងក្រុងបាងកក កំពុងបន្តប្រឹងប្រែងឆ្លងកាត់ព្យុះភ្លៀងនេះ នៅពេលដែលអ្នកជួលពិចារណាកាត់បន្ថយទំហំការិយាល័យដើម្បីកាត់ចំណាយថ្លៃជួល និងក្រុមហ៊ុនសហគ្រាសមួយចំនួនអនុវត្តគោលនយោបាយធ្វើការងារពីផ្ទះ។
ការស្រាវជ្រាវរបស់ CBRE បង្ហាញថា ការផ្គត់ផ្គង់សរុបនូវការិយាល័យប្រភេទ Space Office នៅក្រុងបាងកក ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ បានកើនឡើង២៥.០០០ម៉ែត្រការ៉េដល់៩,២៦លានម៉ែត្រការ៉េក្រោយអគារ WHA Tower ក្នុងសង្កាត់ Bang Na បានសាងសង់បញ្ចប់ជាស្ថាពរ។ មួយផ្នែកនៃអគារនេះគឺទុកសម្រាប់ក្រុមហ៊ុន WHA ប្រើប្រាស់ផ្ទាល់ខ្លួន។ នេះធ្វើឱ្យការផ្គត់ផ្គង់ការិយាល័យក្នុងសង្កាត់ Bang Na កើនឡើង១៣% ខណៈអត្រាកាន់ (ប្រើប្រាស់) សរុបក្នុងតំបន់នេះមាន៨០,៤%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១។
ទោះបីជាឧស្សាហកម្មដែលកំពុងរីកចម្រើនមួយចំនួន មានតម្រូវថ្មីៗសម្រាប់ការិយាល័យប្រភេទ Space Office យ៉ាងណាក្ដី ក៏ការស្រាវជ្រាវរបស់ CBRE បានរកឃើញថា អត្រាជួលសម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២១ ត្រូវបានកត់ត្រាត្រឹម២៣.៥២១ម៉ែត្រការ៉េប៉ុណ្ណោះ ដោយភាគច្រើនចេញពីអគារការិយាល័យលំដាប់ B ក្នុងសង្កាត់ពាណិជ្ជកម្ម Central Business District នៅពេលអ្នកជួលមួយចំនួនបានរើចេញទៅកាន់តំបន់ដែលមិនស្ថិតក្នុងសង្កាត់ពាណិជ្ជកម្មដែលថ្លៃឈ្នួលថោកជាង និងដើម្បីកាត់បន្ថយទំហំការិយាល័យដើម្បីកាត់ចំណាយ។
ទោះជាយ៉ាងណា ទីផ្សារការិយាល័យប្រភេទ Space Office លំដាប់ A ដែលមិនស្ថិតក្នុងសង្កាត់ពាណិជ្ជកម្មនៅតែមានភាពរឹងមាំក្នុងត្រីមាសនេះ។ ជាលទ្ធផល អត្រាកាន់កាប់សរុបជាមធ្យមបានធ្លាក់ចុះ០.៥%មកនៅត្រឹម៩០,១%បើធៀបនឹង៩០,៦%ក្នុងត្រីមាសមុននេះ។
លោកស្រី Roongrat Veeraparkkaroon ប្រធានផ្នែកប្រឹក្សាយោបល់ និងសេវាកម្មជួញដូរប្រចាំការិយាល័យ CBRE Thailand បានលើកឡើងថា “ក្នុងរយៈពេល៣ឆ្នាំគិតចាប់ពីពេលនេះ ក្រុមហ៊ុន CBRE រំពឹងថា ការិយាល័យថ្មីៗប្រភេទ Space Office ដែលមានផ្ទៃក្រឡាជាង១,៣លានម៉ែត្រការ៉េនឹងត្រូវសាងសង់បញ្ចប់ជាស្ថាពរសម្រាប់ដាក់ជួលក្នុងទីក្រុងបាងកក។ ជាប្រវត្តិសាស្ត្រ ក្នុងរយៈពេលប្រមាណ១០ឆ្នាំគិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ ដែលការផ្គត់ផ្គង់ការិយាល័យកើនឡើងដល់១លានម៉ែត្រការ៉េ”។
លោកស្រីបានបន្តថា នេះនឹងបង្កជាសម្ពាធដែលធ្វើឱ្យអត្រាកាន់កាប់ និងអត្រាជួលក្នុងទីផ្សារការិយាល័យក្រុងបាងកក ធ្លាក់ចុះ។ លើសពីនេះទៀត CBRE រំពឹងថាកំណើនអត្រាជួលនឹងនៅទ្រឹងក្នុងទីផ្សារការិយាល័យក្រុងបាងកក ទាំងមូល លើកលែងតែអគារថ្មីៗលំដាប់ A ដែលមានអត្រាកាន់កាប់៩០%ដែលថ្លៃឈ្នួលនៅតែអាចកើនឡើង”៕