ដោយៈ ប៊ី
ភ្នំពេញៈ ក្រៅពីតំបន់អូខ្វាវមួយទេ ខេត្តមណ្ឌលគីរី ដែលមានសក្ដានុពលលើរ៉ែមាស កម្ពុជាមានតំបន់ក្នុងខេត្តប្រមាណ៦ទៀត ដែលកំពុងមានសក្ដានុពល លើអាជីវកម្មរ៉ែមាសនេះដែរ។ នេះបើយោងតាមការលើកឡើងរបស់លោកស៊ុយ សែមរដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល។
លោកស៊ុយ សែមបានលើកឡើងដូច្នេះក្នុងកម្មវិធីអញ្ជើញ ចូលរួមជាអធិបតីភាព ក្នុងពិធីដាក់ឱ្យដំណើរការ រោងចក្រចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល នៅក្នុងតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
លោកស៊ុយ សែមបានថ្លែងឲ្យដឹងថា “សម្រាប់រ៉ែមាសនេះមិនមែនមានតែក្នុងខេត្តមណ្ឌលគីរីនោះទេ ប៉ុន្ដែមានក្នុងខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តរតនគីរី ជាដើម”។
លោកបានឱ្យដឹងថា អាជីវកម្មរ៉ែមាសជាអាជីវកម្មថ្មីមួយ ចំណូលថ្មី និងជាប្រវត្តិសាស្រ្ដដំបូង ដែលទទួលបានចំណូលពីរ៉ែមាសនេះ ដាក់ក្នុងថង់ថវិការបស់ជាតិ ហើយថវិកាជាតិប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
លោកបន្ថែមថា សម្រាប់ចំណូលដែលបានប៉ាន់ស្មាន មួយឆ្នាំប្រហាក់ប្រហែល ៤០លានដុល្លារអាមេរិក ជាចំណូលជាតិ ដែលបានមកពីសួយសារ និងសារពើពន្ធផ្សេងៗ លើការលក់មាសក្នុងការដ្ឋាននេះ។ ចំណូលទាំងអស់នេះ នឹងបញ្ជូលទៅក្នុងថវិកាជាតិ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមទាំងមូល។ នេះប្រៀបបានជាថង់មួយ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាន់ និងគ្រប់គ្រង។
លោកបានថ្លែងបន្តថា វត្តមានរោងចក្រចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុម រ៉ឺនេសង់ មីនើរ៉ល ខេមបូឌា លីមីធីត ដែលត្រូវបានបើកដំណើរការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ជាការបង្កើតកំណត់ត្រាដំបូងជាប្រវត្តិសាស្ត្រ នៃការចាប់ផ្ដើមឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជា ហើយនេះជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
លោកបានបន្ដថា ទន្ទឹមនឹងផលប្រយោជន៍សេដ្ឋកិច្ចខាងលើ ដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសមួយនេះ នឹងការចូលរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើតសមត្ថភាពជាតិ និងគម្រូឧស្សាហកម្មថ្មីមួយ សម្រាប់ការធ្វើអាជីវកម្មធនធានរ៉ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕