ក្រុមហ៊ុនវិស្វកម្មនិងសំណង់ដ៏ធំមួយនឹងឈានជើងចូលផ្សារមូលបត្រកម្ពុជា

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានសម្រេចអនុម័តសំណើសុំបោះផ្សាយលក់មូលបត្រជាសាធារណៈរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ុនជីនារីង (DBD Engineering) ដែលនឹងក្លាយជាក្រុមហ៊ុនទី១ ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោកអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី ២ លើរបៀបវារៈបន្តចំនួន ១. ពីកិច្ចប្រជុំ លើកទី ១ គឺសំណើសុំបោះផ្សាយលក់មូលបត្រជាសាធារណៈរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ុនជីនារីង ម.ក.។

និយ័តករមូលបត្រកម្ពុជាបានឱ្យដឹងថា ជាលទ្ធផល អង្គប្រជុំបានអនុម័តលើសំណើសុំបោះផ្សាយលក់មូលបត្រជាសាធារណៈរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ុនជីនារីង ម.ក. ដោយ ក្រុមហ៊ុនត្រូវបន្តនីតិវិធីនៃការធ្វើបរិវិសកម្ម និងចុះបញ្ជីនៅលើទីផ្សារកំណើននៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ស្របតាមបទប្បញ្ញត្តិជាធរមាន។

ក្រុមហ៊ុននេះ ជាក្រុមហ៊ុនពហុមុខងារផ្នែកវិស្វកម្ម និងសំណង់ ដែលផ្តល់ សេវាកម្ម ដូចជា សេវាគូសប្លង់ សាងសង់ ដំឡើង និងថែទាំ ព្រមទាំងមានផ្គត់ផ្គង់ផលិតផលម៉ាកល្បីៗ ដូចជា Schneider, Franklin France, Daikin, Ginde, LG, Mitsubishi, Kumwell, EVT, Tsurumi Pump, និងខ្សែកាបម៉ាក YAZAKI។

និយ័តករមូលបត្រកម្ពុជា បានឱ្យទៀតថា “ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ុនជីនារីង ម.ក. នឹងក្លាយជាក្រុមហ៊ុនទី១ ដែលចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា”។

ទីផ្សារកំណើន (Growth Board) គឺជាកន្លែងសម្រាប់ឱ្យអាជីវកម្មធុនតូច-ធុនមធ្យមចុះបញ្ជី លក្ខខណ្ឌក្នុងការចុះបញ្ជីមានតិចជាងទីផ្សារគោល។ ក្រុមហ៊ុនដែលចុះបញ្ជីក្នុងទីកំណើន ភាគច្រើនជាក្រុមហ៊ុនតូចៗ និងមានលំនឹងក្រុមហ៊ុនមធ្យមប៉ុ ន្ដែទទួលបានប្រាក់ចំណេញច្រើន ទន្ទឹមនឹងនោះក៏មានហានិភ័យខ្ពស់ដែរ។

សម្រាប់ភាគលាភ ដែលក្រុមហ៊ុនបង់ទៅឱ្យវិនិយោគិនក៌ច្រើនទៅតាមនឹងដែរ។ ចំពោះវិនិយោគិន ដែលចង់ ទទួលបានភាគលាភច្រើន អាចចូលទៅទីផ្សារកំណើនបានសម្រាប់ធ្វើការវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here