ដោយៈ សុខុម
បាងកក: សមភាគីថៃ និងអាស៊ាន គ្រោងរៀបចំកិច្ចពិភាក្សាឡើងវិញជាមួយភាគីកាណាដា ដើម្បីបង្កើតវិសាលភាពនៃកិច្ចចរចាជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (Asean-Canada FTA) នៅចុងឆ្នាំនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី២២ មិថុនា នេះ។
លោក Duangarthit Nidhi-u-tai អគ្គនាយករងនៃនាយកដ្ឋានចរចាពាណិជ្ជកម្ម (Trade Negotiations Department) ទទួលបានការចាត់តាំងកាលពីពេលថ្មីៗនេះឱ្យចូលរួមកិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន-កាណាដា លើកទី១៣ (Seom-Canada) តាមរយៈ Video Conference ចន្លោះថ្ងៃទី១៤-១៥ ខែមិថុនា ដើម្បីពិភាក្សាអំពីផែនការនានាស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។
នៅក្នុងកិច្ចប្រជុំនោះ លោកបានលើកឡើងថា មានការវិវឌ្ឍគួរឱ្យកត់សម្គាល់ទាក់ទងនឹងវិសាលភាពនៃការចរចាកិច្ចព្រមព្រមព្រៀងសេរីអាស៊ាន-កាណាដា ខណៈអ្នកចូលរួមទាំងអស់បានយល់ស្របថាមានភាពចាំបាច់បន្ទាន់ដែលត្រូវស្វែងរកដំណោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យពួកគេមានលទ្ធភាពស្នើរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា នៅខែកញ្ញា ចុងឆ្នាំនេះ។
លោក Duangarthit Nidhi-u-tai បានបន្ថែមថា កាលពីពេលកន្លងមក លេខាធិការដ្ឋានអាស៊ាន បានសិក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ហើយបានរកឃើញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ អាចកើនឡើងដល់៧,៩៦៧ពាន់លានដុល្លារអាមេរិក (ប្រហែល២៥៤,៩៤៤ពាន់លានបាត) ឬកើនឡើង១,៩៧% ចំណែកឯ GDP របស់អាស៊ាន នឹងកើនឡើង៣៩,៣៦១ពាន់លានដុល្លារ (១,២៥៩.៥៥២ទ្រីលានបាត) ឬកើនឡើង១,៦%។
ទន្ទឹមនេះ កតិកាសញ្ញានេះ ប្រសិនបើត្រូវបានអនុវត្ត អាចបង្កើន GDP របស់ប្រទេសកាណាដា បានចំនួន៥,១០៤ពាន់លានដុល្លារ (១៦៣,៣២៨ពាន់លានបាត) ឬកើនឡើង០,៣%។
យោងតាមលោក Duangarthit Nidhi-u-tai ឱ្យដឹងថា នាយកដ្ឋានចរចាពាណិជ្ជកម្ម នឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់តាម Video Conference ដើម្បីផ្សព្វផ្សាយជាសាធារណៈនូវលទ្ធផលនៃការសិក្សា ហើយនឹងបើកវេទិកាសាធារណៈជាមួយគ្រប់ភាគីពាក់ព័ន្ធ ស្តីពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ចន្លោះពីថ្ងៃទី២២-២៩ ខែមិថុនា។ លោកបានគូសបញ្ជាក់ថា មតិយោបល់ដែលបានលើកឡើងក្នុងវេទិកាសសាធារណៈនេះពិតជាមានសារៈសំខាន់ណាស់ដែលជួយដល់ការសម្រេចចិត្តរបស់ប្រទេសថៃ ថាតើគួរបើកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ឬក៏អត់។
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងប្រទេសកាណាដា មានទំហំសរុប២,៣១២ពាន់លានដុល្លារកាលពីឆ្នាំ២០២០ ដោយកើនឡើង០.៥៣%។ ក្នុងចំនួននោះ ការនាំចេញពីប្រទេសថៃ មានចំនួន១,៥៤៤ពាន់លានដុល្លារ ដោយកើនឡើង០,៦៧% ខណៈការនាំចូលមានចំនួន៧៦៧,៤៥លានដុល្លារ ដោយកើនឡើង០,៣៧%។
ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងប្រទេសកាណាដា បានកើនឡើង០,៥% ស្មើនឹង៨៤៦លានដុល្លារ ដោយការនាំចេញពីប្រទេសថៃ ឈានដល់៥៨៨លានដុល្លារ ដោយកើនឡើង ០,៦៩%៕