ដោយៈ គៀតឈូ
ហុងកុងៈមហាយក្សចិននឹងបង្កើតចំនួនមហាសេដ្ឋីក្នុងល្បឿនលឿនជាងសហរដ្ឋអាមេរិកក្នុងរយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ ២០២៥ ខណៈការងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិសុខភាពសកលជួយក្រុមហ៊ុនសាជីវកម្មចិនទទួលបានចំណូលខ្ពស់។ នេះបើយោងតាមរបាយការណ៍ទ្រព្យសម្បត្តិជាសកលដោយក្រុមហ៊ុន Credit Suisse។
យោងតាមក្រុមហ៊ុន Credit Suisse បានឱ្យដឹថា ចំនួនមហាសេដ្ឋី (ដែលមានទ្រព្យគិតជាដុល្លារអាមេរិក) នៅក្នុងប្រទេសចិននឹងកើនឡើង៩២,៧ភាគរយដល់១០,១៧លាននាក់ គិតត្រឹមឆ្នាំ២០២៥ បើធៀបនឹងចំនួនមហាសេដ្ឋីនៅអាមេរិក មានកំណើន២៧,៨ភាគរយ នៅអាមេរិក ថ្មើនឹង២៨,០៦លាននាក់ ក្នុងរយៈពេលដូចគ្នានេះ។ បើយោងតាមការព្យាកររបស់អ្នកផ្តល់ប្រាក់កម្ចីស្វីស។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
លោក Anthony Shorrocks សេដ្ឋវិទូនិងជាអ្នកនិពន្ធរបាយការណ៍នេះ បាននិយាយនៅក្នុងសន្និសីទវីដេអូកាលពីថ្ងៃអង្គារថា “ការកើនឡើងនៃទ្រព្យសម្បត្តិរបស់ចិននៅចន្លោះឆ្នាំ២០០០ និង២០២០ គឺស្ទើរតែស្មើនឹង៨០ ឆ្នាំ នៃការកើនឡើងនៃទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិកពីឆ្នាំ១៩២៥ រហូតដល់ឆ្នាំ២០០៥។ យើងរំពឹងថានឹងមានកំណើនរឹងមាំនៅក្នុងឆ្នាំខាងមុខ ទាំងនៅក្នុងប្រទេសចិននិងឥណ្ឌា”។
របាយការណ៍ Credit Suisse គឺជាការសិក្សាប្រចាំឆ្នាំ ដែលចងក្រងពីទិន្នន័យស្តីពីការកាន់កាប់ទ្រព្យសម្បត្តិរបស់មនុស្សពេញវ័យចំនួន៥,២ពាន់លាននាក់នៅក្នុងប្រមាណ២០០ប្រទេស ហើយជារបាយការណ៍ទ្រព្យសម្បត្តិទូលំទូលាយបំផុតទូទាំងពិភពលោក ហើយអាចនិយាយថា ប្រទេសចិននឹងរក្សាប្រជាជន ដែលមានទ្រព្យស្តុកស្តម្ភច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក ដោយនាំមុខប្រទេសជប៉ុន បារាំង និងកាណាដានតែនៅពីក្រោយអាមេរិកតិចតូច។
របាយការណ៍បានឱ្យដឹងថា ក្នុងចំណោមការទទួលបានទ្រព្យសម្បត្តិជាសកលសរុបចំនួន២៨,៧ទ្រីលានដុល្លារកាលពីឆ្នាំមុន ប្រទេសចិនបានចូលរួមចំណែកចំនួន៤,២ទ្រីលានដុល្លារអាមេរិក។ ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោកមាន៩,៤ភាគរយនៃមហាសេដ្ឋីពិភពលោកនៅឆ្នាំ២០២០ ដោយមានចំនួន៥,៣លាននាក់នៅពីក្រោយសហរដ្ឋអាមេរិក ដែលមានមហាសេដ្ឋីចំនួន៣៩ភាគរយនៅលើពិភពលោក ឬ២២លាននាក់។ ប្រទេសជប៉ុនឈរនៅលំដាប់ទី៣ មាន៦,៦%៕