ដោយៈគង់ សូរិយា
ភ្នំពេញៈ គំរោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន៥ បាននិងកំពុងស្ថិតក្នុងផែនការសាងសង់ ដោយរដ្ឋាភិបាល និងជំនួយពីបណ្តាប្រទេសជាមិត្ត ដើម្បីសម្រួលការដឹកជញ្ជូន និងលើកកំពស់សេដ្ឋកិច្ចជាតិ។
ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ
ស្ពានដែលគ្រោងសាងសង់នាពេលឆាប់ៗនេះ គឺស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ តភ្ជាប់ទៅកាន់ខេត្តកំពង់ធំ ដែលស្ពាននេះជាហិរញ្ញប្បទានរបស់ចិន។ ស្ពាននេះមានប្រវែងជាង១៧០០ម៉ែត្រ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គំរោងស្ពាននេះបានសិក្សាចប់់រួចហើយ រង់ចាំតែការអនុម័តពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាប៉ុណ្ណោះ។ ពេលសម្តេចតេជោអនុម័ត ស្ពាននេះអាចសាងសង់បានហើយ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចានថុលបានថ្លែងថា “ទោះបីកម្ពុជាមានបញ្ហាជំងឺកូវីដ១៩ក្តី ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានាមិនបានផ្អាកនោះទេ”។
ស្ពានតភ្ជាប់តំបន់ជ្រោយចង្វារទៅកាន់ស្វាយជ្រុំ
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានឲ្យដឹងកាលពីដើមសប្តាហ៍នេះផងដែរថា ស្ពាននេះត្រូវបានភាគីកូរ៉េសិក្សា ប៉ុន្តែគំរោងនេះសិក្សាចប់នាពេលណា និងអាចចាប់ផ្តើមសាងសង់នាពេលណា យើងមិនទាន់មានព៌តមានជាក់លាក់នៅឡើយទេ។
ស្ពាននេះជាចំណងដៃរបស់សាធារណៈរដ្ឋកូរ៉េ និងកម្ពុជា ដែលបានស្នើសុំដោយប្រមុខរដ្ឋាភិបាលកម្ពុជា អំឡុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់សាធារណៈរដ្ឋកូរ៉េកាលពីឆ្នាំ២០១៩។
ស្ពានតភ្ជាប់ពីទីក្រុងកោះនរា ទៅកាន់អរិយក្សត្រ
តាមផែនការលើកឡើងកន្លងមក ស្ពាននេះគ្រោងតភ្ជាប់ពីតំបន់ក្តីតាកុយ ទៅកាន់តំបន់អរិយក្សត្រ ប៉ុន្តែទីតាំងស្ពាននេះអាចនឹងផ្លាស់ប្តូរ ដោយការសាងសង់នឹងចេញពីទីក្រុងកោះនរា ព្រោះទី១ ទីតាំងនេះមានចម្ងាយជិត ទី២ ជួយលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញ ទី៣ ធ្វើឲ្យទីក្រុងកោះនរាកាន់តែមានភាពទាក់ទាញ និងទី៤ បើសាងសង់ចេញពីក្តីតាកុយ នឹងត្រូវកាត់លើទីក្រុងកោះនរា ដែលធ្វើឲ្យខូចទេសភាពនៅតំបន់នេះ។
ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់តំបន់ទីក្រុងរណបជ្រោយចង្វារ
ស្ពាននេះបាននិងកំពុងសាងសង់ដោយក្រុមហ៊ុនOCIC ដែលវិនិយោគទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក។ វាជាប្រភេទស្ពានយោងដោយខ្សែកាប ដែលមានខ្សែកាបនៅចំកណ្តាល។
ស្ពាននេះមានប្រវែងប្រមាណ៥០០ម៉ែត្រ និងមានគន្លងរថយន្តពីរទៅពីរមក ហើយសមិទ្ឋផលនេះ នឹងធ្វើឲ្យទីក្រុងរណបជ្រោយចង្វារកាន់តែមានភាពទាក់ទាញថែមទៀត។
ស្ពានតភ្ជាប់ពីក្រុងកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំ
ក្នុងឱកាសអញ្ជើញជាអធិបតី បើកពិធីបុណ្យទន្លេនៅក្រុងកំពង់ឆ្នាំង ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសាងសង់ស្ពានតភ្ជាប់ពីទីក្រុងកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង និងតភ្ជាប់ជាមួយខេត្តកំពង់ធំ ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ២០០លានដុល្លារអាមេរិក។
ប្រសិនជាស្ពាននេះសាងសង់បញ្ចប់ វានឹងក្លាយជាស្ពានវែងជាងគេនៅកម្ពុជា ដោយស្ពាននេះមានប្រវែងរហូតដល់ប្រមាណ៣០០០ម៉ែត្រ។
ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ៦ទៅកាន់កោះដាច់
ស្ពាននេះស្ថិតនៅក្នុងផែនការ នៃការតភ្ជាប់ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលធ្លាប់បានលើកឡើងដោយអតីតៈអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ប៉ុន្តែក្រោយមកគំរោងនេះហាក់ស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែបើតាមការបង្ហើបពីមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងមន្រ្តីសាលារាជធានីភ្នំពេញ ស្ពាននេះនឹងសាងសង់នាពេលខាងមុខ។
ការសាងសង់ស្ពាននេះលឿន ឬយឺតអាស្រ័យលើកញ្ចប់ថវិការបស់រដ្ឋាភិបាល ក៏ដូចជា តើគំរោងនេះមានភាពចាំបាច់ និងបន្ទាន់ក្នុងកម្រិតណាប៉ុណ្ណោះ៕