កម្ពុជានិងចិនចុះMOUដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសាងសង់ហេដ្ឋរចនាសម្ព័ន្ធធំៗ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និង វិទ្យាស្ថាន Zejiang Institute of Communication នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីជម្រុញការបណ្តុះបណ្តាលធនធានមនុស្ស និងឆ្លើយតបទៅនឹងតម្រូវការការងារតាមគម្រោងការដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោកហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន(TSIPWT) និង វិទ្យាស្ថាន Zejiang Institute of Communication(ZJIC) នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។

ជាមួយនឹងទំនាក់ទំនង និងភាពជាដៃគូនេះ វិទ្យាស្ថានទាំងពីរ (TSIPWT និង ZJIC) បានឯកភាពគ្នាលើគោលការណ៍ជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរបទពិសោធន៍លើការអប់រំ ការបណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍកម្មវិធីសិក្សា ការផ្លាស់ប្តូរCreditsទៅវិញទៅមក បង្កើតDual Degree Program, Internship Program ការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ បណ្ណាល័យ ការបោះពុម្ព ការបង្កើតសន្និសីទសារព័ត៌មាន និងសិក្ខាសាលា និងការផ្លាស់ប្តូរធនធាន ផ្សេងៗទៀតជាដើម។
តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះលោកហឿន សំនៀងសង្ឃឹមយ៉ាងមុតមាំថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងកាន់តែមានឱកាសបន្ថែមទៀត ក្នុងការផ្ដល់ចំណេះដឹងទាំងផ្នែកបច្ចេកទេស និងទ្រឹស្តីដល់និស្សិតរបស់យើង ដើម្បីប្រែក្លាយខ្លួនជាអ្នកមានជំនាញច្បាស់លាស់ បទពិសោធន៍ និងមានគុណធម៌ សីលធម៌ ដែលអាចដឹកនាំ និងអភិវឌ្ឍនៅក្នុងសង្គមបាននាពេលអនាគត។

វិទ្យាស្ថាន ក៏នឹងផ្ដល់នូវចំណេះដឹងយ៉ាងទូលំទូលាយដល់និស្សិត និងប្ដេជ្ញាចិត្តខិតខំប្រឹងប្រែង ដើម្បីយកនិស្សិតឆ្នើម និងសាស្ត្រាចារ្យល្អៗ ទៅដកស្រង់បទពិសោធន៍ជាក់ស្តែងនៅតាមការដ្ឋានក្នុងស្រុក ក៏ដូចជាបណ្តាប្រទេសនានាដូចជា៖ ប្រទេសចិន ជប៉ុន កូរ៉េ ដែលជាដៃគូសហការរបស់ក្រសួងផងដែរ។

ទន្ទឹមនឹងនេះ វិទ្យាស្ថានតេជោសែន សាធាណការ និងដឹកជញ្ជូន គ្រោងពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានាដទៃទៀត ទាំងក្នុង និងក្រៅប្រទេស ទាំងបណ្តាក្រុមហ៊ុនវិស័យឯកជន និងអង្គភាពស្ថាប័នរដ្ឋ សំដៅជម្រុញដល់ការរួមគ្នាអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការការងារតាមគម្រោងការដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ។

ក្រោមការចង្អុលបង្ហាញប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន បានកំពុងខិតខំបណ្តុះបណ្តាលដល់និស្សិតទាំងអស់ ឱ្យក្លាយខ្លួន ជាវិស្វករកម្ពុជា នាថ្ងៃអនាគតយ៉ាងពិតប្រាកដ មានជំនាញច្បាស់លាស់ ដើម្បីបន្តយកទៅអភិវឌ្ឍខ្លួន សេដ្ឋកិច្ច សង្គម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

ចាប់តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ រហូតមក និស្សិតចំនួន ១៩១នាក់ បានចាប់ផ្តើមចូលរៀនថ្នាក់សិក្សាឆ្នាំមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការបង្រៀនផ្ទាល់ពីបន្ទប់រៀន នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តាមរយៈប្រព័ន្ធអនឡាញ ដើម្បីជៀសផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈការផ្ទុះឡើងនៃជំងឺនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងតាមដាននៅឡើយ។

ចុងក្រោយថ្នាក់ដឹកនាំនៃភាគីទាំងពីរ បានអញ្ជើញសមភាគីទៅវិញទៅមក ឱ្យធ្វើទស្សនកិច្ចជាផ្លូវការ នាថ្ងៃខាងមុខឆាប់ៗនេះ ក្រោយពីស្ថានភាពកូវីដ-១៩ បានធូរស្រាល ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែទូលាយ និងស៊ីជម្រៅថែមទៀត។

វិទ្យាស្ថាន Zejiang Institute of Communication(ZJIC) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ នៃសាកលវិទ្យាល័យ Zejiang University និងបានបណ្តុះបណ្តាលសិស្សនិស្សិតលើជំនាញបច្ចេកទេសសរុបជាង៤០ជំនាញ ក្នុងដេប៉ាតឺម៉ង់ចំនួន៩ រួមមាន៖ ដេប៉ាតឺម៉ង់ផ្លូវថ្នល់និងស្ពាន ដេប៉ាតឺម៉ង់ផ្លូវទឹក ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន ដេប៉ាតឺម៉ង់ដឹកជញ្ជូនឆ្លាតវៃ និងដេប៉ាតឺម៉ង់Rail Transit ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here