ក្រុមហ៊ុនភេសជ្ជៈដ៏ធំមួយប្រកាសបន្ថែមទុនជាង១០លានដុល្លារដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនៅកម្ពុជា

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសថា ខ្លួនបានបន្ថែមទុនវិនិយោគជាង១០លានដុល្លារទៀត ធ្វើឲ្យទុនវិនិយោគសរុបរបស់ក្រុមហ៊ុនកើនឡើងលើស៥០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពផលិតភេសជ្ជៈ ក្រោយតម្រូវការទីផ្សារលើភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស មានការកើនឡើង។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

ការវិនិយោគបន្ថែមនេះ គឺទៅលើការបំពាក់ម៉ាស៊ីន និងបច្ចេកវិទ្យាចុងក្រោយ ផ្គត់ផ្គង់ដោយ ក្រុមហ៊ុនអាល្លឺម៉ង Krones ដែលមានសមត្ថភាពផលិតភេសជ្ជៈប៉ូវម្លាំង វើក និងទឹកក្រូច អាយស៍ បានបរិមាណខ្ពស់ និងរហ័សជាងមុន។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស សម្រេចវិនិយោគបន្ថែមលើម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបៗ ក្នុងការបង្កើនសមត្ថភាពផលិតភេសជ្ជៈ ដើម្បីផ្គត់ផ្គង់ឲ្យគ្រប់តម្រូវការទីផ្សារ ជាពិសេសផលិតភេសជ្ជៈ ដែលមានគុណភាពអនាម័យខ្ពស់ជូនអតិថិជន”។

ខ្មែរ ប៊ែវើរីជីស (KHB) គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ឈានមុនគេនៅកម្ពុជា ដែលគ្រប់គ្រងដោយវិនិយោគិនខ្មែរ 100%។ រោងចក្រប្រើប្រាស់តែគ្រឿងផ្សំល្អផ្តាច់គេ ពីអឺរ៉ុប និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបបំផុតមកពីប្រទេសអាល្លឺម៉ង់។ បច្ចេកវិទ្យាឈានមុខគេដ៏ទំនើប ធ្វើឲ្យក្រុមហ៊ុនផលិតបាននូវស្រាបៀរ ដែលមានរសជាតិថ្មីប្លែកគេទាំងស្រុង ដែលគេស្គាល់ថាជា ស្រាបៀរ កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here