តំបន់ជុំវិញភ្នំប្រសិទ្ធលេចវត្តមានបុរីតម្លៃសមរម្យកាន់តែច្រើន ខណៈអ្នកវិនិយោគកំពុងតែងាកទៅតំបន់ជាយក្រុង

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ដោយសារមានទីតាំងនៅកៀកនឹងរាជធានីភ្នំពេញ បានធ្វើឲ្យតំបន់ជុំវិញភ្នំប្រសិទ្ធទាក់ទាញ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យកាន់តែច្រើន ស្របពេលអ្នកវិនិយោគសាងសង់ផ្ទះលក់ កាន់តែច្រើនកំពុងងាកទៅតំបន់ជាយក្រុង។

បច្ចុប្បន្នមានសំណង់បុរី សំណង់ផ្ទះល្វែងលើសពី១០គំរោង បានសាងសង់ផ្ទះលក់នៅតំបន់នេះ ដែលផ្ទះមានតម្លៃចាប់ពីជាង៣០០០០ ដល់ជាង៦០០០០ដុល្លារអាមេរិក។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់ដែលបានចុះសិក្សាទីផ្សារនៅតំបន់នេះកាលពីថ្ងៃទី២៥ មិថុនាកន្លងមកបានឲ្យដឹងថា ទីតាំងមានសក្តានុពល ក្បែរមណីយដ្ឋានវប្បធ៌ម ធម្មជាតិធំៗចំនួនពីរ ពិសេសការរីកចម្រើននៃរាជធានីភ្នំពេញ និងទីតាំងកៀកនឹងរាជធានីភ្នំពេញ​ បានធ្វើឲ្យតំបន់នេះកាន់តែរីកចម្រើន និងទាក់ទាញគំ​រោងអភិវឌ្ឍន៍កាន់តែច្រើននាពេលអនាគត។

លោកបន្តថា “ការផ្លាស់ប្តូរក្រសួង មន្ទីរ និងស្ថាប័នមួយចំនួនទៅកាន់តំបន់បឹងកប់ស្រូវឬបឹងតាមោឃ និងធ្វើឲ្យតំបន់ភ្នំប្រសិទ្ធ និងតំបន់ជុំវិញកំពុងមានសក្តានុពលខ្លាំងសំរាប់វិនិយោគិនជាតិ អន្តរជាតិ”។ លោកបន្ថែមថា “ការរីកចម្រើននៅតំបន់នេះ វាមិនមែនជារឿងចៃដន្យនោះទេ ខណៈផែនការពង្រីកក្រុងនាពេលអនាគត អាចនឹងកាត់តំបន់នេះ​ចូលក្នុងដែលរដ្ឋបាលរាជធានីភ្នំពេញ”។

លោកយិន លាងគង់់បានបន្តថា ជាមួយនឹងផែនការយុទ្ឋសាស្រ្ត និងគោលនយោ​បាយរបស់រដ្ឋាភិបាល ក្នុងការផ្លាស់ប្តូររោងចក្រ សហគ្រាសទៅកាន់តំបន់ជាយក្រុង បានធ្វើឲ្យតំបន់ផ្លូវជាតិលេខ៤១ និង៥១កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំង។ ហេតុនេះតំបន់ភ្នំប្រសិទ្ធ ដែលស្ថិតនៅចំកណ្តាល នឹងអាចក្លាយជាទីក្រុងថ្មីមួយនាពេលអនាគត។

ជាមួយគ្នានេះ លោកឧកញ៉ាហួត ជាអគ្គនាយកក្រុមហ៊ុនហួត ជាគ្រុបក៏បាននិងកំពុងវិនិយោគសាងសង់បុរី នៅតំបន់ភ្នំប្រសិទ្ធផងដែរ ដែលបច្ចុប្បន្នលោកកំពុងសាងសង់គំរោងវីឡាក្នុងតម្លៃសមរម្យ ដើម្បីលក់ជូនអតិថិជនជាមួយនឹងតម្លៃសមរម្យ ពិសេសវាជាការកសាងនូវម៉ាកសញ្ញាសំរាប់អនាគតរបស់ខ្លួនផងដែរ។

លោកឧកញ៉ាបានបន្តថា “ដោយសារវាជាតំបន់ជាប់ នឹងដែនរដ្ឋបាលរាជធានីភ្នំពេ​ញ និងសក្តានុពលតំបន់នេះ បានធ្វើឲ្យខ្ញុំវិនិយោគបុរីនេះ ឡើងនៅលើផ្ទៃដី១ហិកតាប៉ុណ្ណោះ មុននឹងពង្រីកគំរោងផ្សេងទៀត”។

បច្ចុប្បន្ននេះ ក្រុមហ៊ុនបុរីពិភពថ្មី ក៏បាននិងកំពុងរៀបចំការដ្ឋានបណ្តើរៗ ដើម្បីសាងសង់លំនៅដ្ឋានរបស់ខ្លួននៅក្បែរវត្តភ្នៀត ដែលមានផ្ទៃដីរាប់រយហិកតាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here