លោកវង្សី វិស្សុតៈ ការចាក់វ៉ាក់សាំងគ្រប់តាមផែនការនឹងអាចជំរុញសកម្មភាពសេដ្ឋកិច្ចទៅរកសភាពធម្មតាឡើងវិញ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលរំពឹងថានៅចុងឆ្នាំ២០២១នេះ នឹងចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់តាមផែនការ ដែលអាចរុញសកម្មភាពសេដ្ឋកិច្ចវិលទៅរកសភាពធម្មតាឡើងវិញ។

យោងតាមលោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងពិធីទទួលវ៉ាក់សាំងពីប្រទេសចិននៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ថា តាមរយៈការមកដល់នៃវ៉ាក់សាំងពីប្រទេសចិនជាបន្តបន្ទាប់ នៅក្នុងអំឡុងខែតុលា ឬវិច្ឆិកា២០២១នេះ កម្ពុជានឹងអាចចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់ចំនួនទៅតាមផែនការគឺ១០លាននាក់ ។

លោកបន្តថា តាមរយៈការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩បានគ្រប់គ្រាន់ កម្ពុជានឹងអាចជំរុញសកម្មភាព សេដ្ឋកិច្ចឱ្យវិលត្រលប់ទៅរកភាពដើមវិញបានឆាប់ៗ តែត្រូវរក្សាគម្លាត និងវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

លោកបន្ថែមថា ក្រោយពេលចាក់វ៉ាក់សាំងគ្រប់ចំនួន១០លាននាក់ហើយ រដ្ឋាភិបាលនឹងគិតគូឡើងវិញនូវការចាក់វ៉ាក់សាំងដល់កូនក្មេង ដោយកម្រិតថាអាយុប៉ុន្មានអាចចាក់វ៉ាក់សាំងបាន និងអាយុប៉ុន្មានមិនអាចចាក់បាន មួយទៀតអ្នកដែលចាក់វ៉ាក់សាំង២ដូសរួចហើយ អាចនឹងចាក់ដូសទី៣ តែជំហានដំបូងគេចាក់២ដូសឱ្យបាន១០លាននាក់ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩។

លោកបានថ្លែងថា “នៅពេលនេះ ការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩គឺជាអ្វី ដែលប្រទេសលើលោកបានធ្វើ ហើយប្រទេសណា ដែលចាក់វ៉ាក់សាំងបានច្រើនជាង ប្រទេសនោះនឹងទប់ស្កាត់ការឆ្លងរាលដាជំងឺកូវីដ១៩បានច្រើនផងដែរ”។

គិតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ជូនពលរដ្ឋសរុបចំនួន៣.៨០៣.១៦៩នាក់ ក្នុងនោះអ្នកចាក់រួចទាំងពីរដូសមានចំនួន២.៨១៣.១០៨នាក់ ហើយវ៉ាក់សាំងដែលពលរដ្ឋកម្ពុជាចាក់គឺជាវ៉ាក់សាំងរបស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here