តំបន់ភាគខាងលិចរាជធានីទាក់ទាញការវិនិយោគដីធ្លី ខណៈតម្លៃចាប់ផ្តើមកំរើកឡើងវិញ

0

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ តំបន់ភាគខាងលិចរាជធានីភ្នំពេញ មានសកម្មភាពទិញលក់ដីធ្លីកើនឡើងវិញ ពិសេសនៅផ្លូវជាតិលេខ៤១ លេខ៥១ ផ្លូវជាតិលេខ៤៤ជាដើម។

តាមរយៈការចុះសិក្សាផ្ទាល់កាលពីសប្តាហ៍មុន ពីក្រុមការងារ Propertyarea.asia ដោយបានជួបជាមួយភ្នាក់ងារអាជីព និងភ្នាក់ងារអចលនទ្រព្យ ក្រៅផ្លូវការនៅតាមមូល ដ្ឋានបានបង្ហាញថា សកម្មភាពទិញលក់ដីធ្លីបានកើនឡើងវិញបណ្តើរៗហើយ ដោយមានអ្នករកទិញដីកើនឡើង ខណៈរោងចក្រសហគ្រាសថ្មីៗ បានចាប់ផ្តើមបង្ហាញខ្លួននៅតាមតំបន់ទាំងនេះច្រើន ជាមួយនឹងសកម្មភាពនៃការសាងសង់ និងអភិវឌ្ឍន៍បុរី លំនៅដ្ឋានកាន់តែច្រើន។

តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤៤ តម្លៃធ្លីបានកើនឡើង៣ទៅ៥ដង អាស្រ័យលើទីតាំងមានសក្តានុពល អាស្រ័យលើសណ្ឋាន និងទំហំដីជាដើម។

ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់បានមានប្រសា​សន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ដោយសារតំបន់ខាងលើហាក់ដូចជា ចំណុចកណ្តាលមួយតភ្ជាប់រវាងរាជធានីភ្នំពេញ កណ្តាល និងកំពង់ស្ពឺ ពិសេសការតភ្ជាប់ពីតំបន់នេះទៅកាន់ផ្លូវជាតិសំខាន់ៗ រួមទាំងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល បានធ្វើឲ្យសកម្ម​ភាពទិញលក់ដីធ្លីបានកើនឡើង ខណៈអ្នកវិនិយោគដីឡូត៍សម្រាប់លក់ ថៅកែរោង ចក្រ សហគ្រាសនានា និងអ្នកអភិវឌ្ឍន៍បុរីបានទៅកាន់តំបន់នេះ។

លោកបន្តថា “សកម្មភាពអភិវឌ្ឍន៍លំនៅដ្ឋាននៅតំបន់នេះ ភាគច្រើនអ្នកវិនិយោគ​បានចាប់យកលំនៅដ្ឋានតម្លៃសមរម្យ ដោយមានតម្លៃចន្លោះពី២០,០០០ទៅ៤០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ”។ លោកបន្តថា “អ្នកវិនិយោគភាគច្រើនបានផ្តោតលើ​ប្រជាជនមូលដ្ឋាន ដែលមានជីវភាពប្រសើរឡើង ដោយសារការលក់ដីធ្លីរបស់ពួកគាត់ ព្រោះដីនៅតាមតំបន់ទាំងនោះបានកើនតម្លៃខ្លាំង ធ្វើឲ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង”។

លោកយិន លាងគង់បានបន្តថា បច្ចុប្បន្នរោងចក្រ សហគ្រាសនានាបានចាប់ផ្តើមចាកចេញពីកណ្តាលរាជធានីភ្នំពេញ កាន់តែច្រើនហើយ ដោយសារដ្ឋាភិបាលបានផ្លាស់ប្តូរគោលនយោបាយ ដើម្បីរុញរោងចក្រ សហគ្រាសទាំងនោះទៅកាន់តំបន់ជាយក្រុង ក្នុងគោលដៅកាត់បន្ថយការកកស្ទះចរាចរណ៍ ជម្រុញការអភិវឌ្ឍទៅកាន់ទីជនបទ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីទាក់ទាញការវិនិយោគ ដើម្បីលើកកំពស់គុណភាពជីវិត​របស់ប្រជាពលរដ្ឋកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here