រដ្ឋាភិបាលកំពុងឆ្ពោះផលិតអគ្គិសនីដោយថាមពលកកើតឡើងវិញឲ្យបាន២៥ភាគរយនៅឆ្នាំ២០៣០

0

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ នៅក្នុងចក្ខុវិស័យដែលជាផែនការមេរបស់រដ្ឋាភិបាល បានកំណត់ដាក់បញ្ចូលគោលដៅអនុវត្តន៍ថ្មី នៃការផលិតអគ្គិសនីដើរ ដោយថាមពលកកើតឡើងវិញប្រមាណ២៥ភាគរយ នៅក្នុងល្បាយថាមពលនៅត្រឹមឆ្នាំ២០៣០ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ជាក់ស្ដែង និងរួមចំណែកក្នុងការដោះស្រាយនូវបម្រែបម្រួលអាកាសធាតុ ដែលជាកង្វល់របស់ពិភពលោកនាពេលបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍កាលពីពេល​ថ្មីៗនេះបានមានប្រសាសន៍ឲន្យដឹងថា គោលដៅថ្មីនេះ ក៏រួមបញ្ចូលការផលិតអគ្គិសនី ពីថាមពលកកើតឡើងវិញចំនួន២៥ភាគរយ នៅក្នុងល្បាយថាមពល (Energy Mix)នៅឆ្នាំ២០៣០។ ទន្ទឹមនេះដែរ ការប្រែប្រួលអាកាសធាតុជាបាតុភូតប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមមធ្យោបាយជាកញ្ចប់គ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គមសេដ្ឋកិច្ច និងបរិស្ថាន។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពស្តីពី ការចូលរួមចំណែករបស់ជាតិ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាត្រៀមដាក់ជូនទៅលេខាធិការដ្ឋាន អនុសញ្ញាសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) នាដំណាច់ឆ្នាំនេះ កម្ពុជា បានបញ្ចូលនូវគោលដៅថ្មីច្បាស់លាស់ ពាក់ព័ន្ធនឹងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន ប្រមាណ៣៨,៩លានតោនសមមូលឧស្ម័នកាបូនិក រួមបញ្ចូលទាំងក្នុងវិស័យព្រៃឈើ វិស័យសំណល់ និងកសិកម្ម ឬស្មើនឹង១៨ភាគរយ ធៀបនឹងសេណារីយ៉ូតាមទម្លាប់ធម្មតា (Business As Usual) នៅត្រឹមឆ្នាំ២០៣០។

ស្ថិតនៅក្នុងគោលដៅខាងលើនេះ បច្ចុប្បន្នសម្រាប់វិស័យថាមពល កម្ពុជាបានគាំទ្រ និងអនុម័តលើគម្រោងស្នើសុំវិនិយោគ បង្កើតស្ថានីយផលិតអគ្គិសនី ដើរដោយថា​មពលពន្លឺព្រះអាទិត្យជាច្រើនគម្រោងជាបន្តបន្ទាប់ ស្ថិតនៅតាមបណ្តាខេត្តក្រុងមួយចំនួនដូចជាខេត្តព្រះសីហនុ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល បន្ទាយមានជ័យ និងខេត្តឧត្តមានជ័យជាដើម។

ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ គឺជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការផ្តោតជាសំខាន់ ទៅលើការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ស្ថិតក្នុងអាទិភាពមួយ។ បណ្តាញផ្គត់ផ្គង់នៅកម្ពុជា ដែលរួមមាន២៥ខេត្តក្រុង ក្នុងនោះ១៥ខេត្ត ក្រុងបានតភ្ជាប់ជាមួយនឹងបណ្តាញបញ្ជូនជាតិ ហើយគោលដៅរបស់កម្ពុជានៅឆ្នាំ២០២០នេះ កម្ពុជានឹងរំពឹងថាសម្រេចឲ្យបាន នូវផ្តល់អគ្គិសនីឲ្យបានទាំង២៥ខេត្តក្រុង ដោយថាមពលអគ្គិសនីក្នុងប្រភេទតុងស្យង់ខ្ពស់។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបានធ្វើបច្ចុប្បន្នភាព ផែនការថាមពលរបស់ខ្លួន សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ បន្ថែមពីលើគម្រោងវិនិយោគលើវិស័យថាមពល ពីវិស័យឯកជន រដ្ឋាភិបាលក៏បានគ្រោងប្រើឧស្ម័នធម្មជាតិ (Natural Gas) សម្រាប់ការផលិតថាមពលអគ្គិសនី ក្នុងចំណែកមួយដ៏ធំ ដែលមានអនុភាពសរុប៣៦០០មេហ្គាវ៉ាត ដោយអាចនឹងផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៧ រហូតដល់ឆ្នាំ២០៣០។

លោកបន្តថា “សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងងើបឡើងវិញនៅឆ្នាំ២០២១ បន្ទាប់ពីថយចុះនៃការរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩”។ លោកបន្តថា “ដូច្នេះតម្រូវការថាមពលរបស់ប្រទេសកម្ពុជារំពឹងថា នឹងមានសន្ទុះឡើងវិញ ក្នុងនេះឧស្ម័នធម្មជាតិ នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ល្បាយប្រភពថាមពលនៅកម្ពុជា ពិសេសក្នុងវិស័យឧស្សាហកម្ម ដឹកជញ្ជូន ពាណិជ្ជកម្ម និងលំនៅដ្ឋាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here