អបអរសាទរៈក្រុមហ៊ុនCentury21ចំនួន៨បានទទួលពានរង្វាន់ពីសហរដ្ឋអាមេរិក
ដោយ : គង់ សូរិយា
ភ្នំពេញ : រយៈពេល៤ឆ្នាំនៃការនាំយកក្រុមហ៊ុន Master Century21Cambodia មកកាន់កម្ពុជា ទីផ្សារអចលនវត្ថុកម្ពុជាបានចាប់ផ្តើម ទទួលសេវាកម្មកាន់តែមានគុណភាព និងទំនុកចិត្ត។
ក្នុងចំណោមក្រុមហ៊ុនដែលបានទិញ Franchise ជាច្រើន មានក្រុមហ៊ុនចំនួន៨ បានទទួលពានរង្វាន់ពីសហរដ្ឋអាមេរិក ដែលជាការទទួលស្គាល់លើការផ្តល់សេវាកម្មប្រកបដោយទំនុកចិត្តពីអតិថិជនជាតិ និងអន្តរជាតិ។
ក្រុមហ៊ុនទាំង៨នោះរួមមាន ក្រុមហ៊ុន Century21 Mekong ដែលមានលោក ច្រឹក សុខនីម ជាអគ្គនាយក, ក្រុមហ៊ុន Century21 Dream Property ដែលមានលោក គាម សៀកឡុង ជាអគ្គនាយក, ក្រុមហ៊ុន Century21 Advanced Property ដែលមានលោក ឡុង គីមសួរ ជាអគ្គនាយក, ក្រុមហ៊ុន Century21 Fuji Realty ដែលមានលោក អ៊ុក ឆេងលី ជាអគ្គនាយក, ក្រុមហ៊ុន Century21 Regent Realty ដែលមានលោក Yeh Chen Shu ជាអគ្គនាយក ,ក្រុមហ៊ុន Century21 Imperial realty ដែលមានលោក Ken Lo ជាអគ្គនាយក, ក្រុមហ៊ុន Century21 Golden Realty ដែលមានលោក ហេង វឌ្ឍនា ជាអគ្គនាយក និងក្រុមហ៊ុន Century21 World trust ដែលមានលោក ជា លីហៀង ជាអគ្គនាយក។
ក្នុងពិធីអបអរសាទរសម្រាប់វឌ្ឍនភាពនៃក្រុមហ៊ុននេះ អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងកាលពីថ្ងទី១៤កក្កដាកន្លងមក ដោយបានអបអរសាទរចំពោះសមិទ្ឋិផល ដែលមហាគ្រួសារក្រុមហ៊ុន Century21 ទំាង៨ការិយាល័យប្រចាំកម្ពុជា ដែលសម្រេចបាននូវសមិទ្ឋិផលរបស់ខ្លួន និងបានទទួលពីក្រុមហ៊ុនដ៏ធំ Century21 នៅសហរដ្ឋអាមេរិក។
អ្នកនាងបន្តថា “វាជាកិត្តិយសសម្រាប់ក្រុមហ៊ុន និងសម្រាប់ប្រទេសរបស់យើងដែលក្រុមហ៊ុនទាំងនេះបានបំពេញការងារយ៉ាងសកម្ម និងបានបង្វឹកភ្នាក់ងារបស់យ៉ាងជោគជ័យ ក្នុងការបំរើសេវាកម្មដ៏ល្អដល់ម្ចាស់ទ្រព្យអ្នកទិញ និងអ្នកវិនិយោគ”។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century21 Cambodia លោក គុយ វ៉ាត បានថ្លែងថា អ្វីដែលយើងបានប្រឹងប្រែងរយៈពេលជាង៣ឆ្នាំមកនេះ យើងទទួលបានលទ្ឋផលមិនធំពេកទេ តែយើងបាននាំមុខក្នុងទីផ្សារនៅកម្ពុជា ហើយប្រសិនជាយើងខិតខំប្រឹងប្រែងរយៈពេលពីរបីឆ្នាំទៀត ក្រុមហ៊ុននេះនឹងមិនមានអ្នកណា តាមទាន់នៅក្នុងទីផ្សារនោះទេ។
លោកបន្តថា “ការផ្តល់សេវាកម្មមានគុណភាពមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ទំនុកចិត្តដល់ទីផ្សារ ផ្តល់ទំនុកចិត្តដល់អ្នវិនិយោគជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកអភិវឌ្ឍន៍ក្រុមហ៊ុនរបស់យើង និងប្រទេសជាតិរបស់យើង”។ លោកបន្តថា “ការសម្រេចបានពានរង្វាន់នៃក្រុមហ៊ុនទាំង៨ បានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់យើង និងទំនុកចិត្តរប
ស់អតិថិជនចំពោះក្រុមហ៊ុនរបស់យើង”។
លោក គុយ វ៉ាត បានបន្តថា ជាភ្នាក់ងារអចលនទ្រព្យ យើងត្រូវខិតខំធ្វើការងារ និងផ្តល់សេវាកម្មប្រកបដោយគុណភាព ស្មោះត្រង់ជាមួយអតិថិជន ព្រោះយើងក៏អាចប្រែក្លាយខ្លួនពីភ្នាក់ងារអចលនវត្ថុ ទៅជាអ្នកវិនិយោគ ព្រោះនៅសហរដ្ឋអាមេរិក ភ្នាក់ងារអចលនទ្រព្យខ្លះបានក្លាយជាសេដ្ឋី និងមានលំនៅដ្ឋានច្រើន ដូច្នេះភ្នាក់ងារអចលនវត្ថុកម្ពុជារបស់យើង ក៏អាចធ្វើបានដែរ៕