ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ប៉ុន្មានថ្ងៃនេះហាក់ដូចជាមានភាពកាន់តែធ្ងន់ធ្ងរ ដោយតួលេខអ្នកឆ្លងកូវីដមានចំនួនកាន់តែច្រើន ជាក់ស្ដែងនៅរយៈពេលពីរថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងកូវីដមានចំនួនដល់ទៅ៨៨៣នាក់។
ដោយសារតែស្ថានភាពនៃកូវីដ១៩ មានភាពរាលដាលឡើងវិញបែបនេះ អាជ្ញាធរបានសម្រេច ផ្អាកទីតាំងអាជីវកម្ម និងផ្សារមួយចំនួនឡើងវិញ នៅតំបន់ដែលមានការផ្ទុះខ្លាំង ទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា ជាក់ស្ដែងនៅរសៀលថ្ងៃទី២៨ មិថុនា ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានចុះផ្អាកអាជីវកម្មក្នុងផ្សារបឹងកេងកង ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩កាន់តែច្រើន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ មិថុនា ២០២១នេះ បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន នូវផ្សារបឹងកេងកង ដែលមានទីតាំងនៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានភ្នំពេញរយៈពេល១៤ថ្ងៃ ពីថ្ងៃទី២៩ មិថុនាដល់ថ្ងៃទី១២ កក្កដា ២០២១នេះ ដោយសារតែបុគ្គលិក កម្មករ អាជីវករនៅក្នុងផ្សារនេះមានវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ ។
ផ្សាររដ្ឋ និងផ្សារឯកជនទូទាំងរាជធានីភ្នំពេញ ទើបតែត្រូវបានអាជ្ញាធរប្រកាសឱ្យដំណើរការឡើងវិញ និងអនុញ្ញាតឱ្យអាជីវករចូលលក់ដូរឡើងវិញ តែត្រូវគោរពតាមវិធានការ តែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្ថានភាពនៃកូវីដ១៩ ក៏ចាប់ផ្ដើមផ្ទុះឡើងនិងមានចំនួនកាន់តែច្រើន។
ក្រៅពីផ្សារនៅរាជធានីភ្នំពេញ នៅតាមបណ្ដាខេត្តមួយចំនួន ក៏មានការបិទខ្ទប់តំបន់ និងកន្លែងអាជីវកម្មមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងផងដែរ។
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកវន់ ពៅបានឱ្យដឹងកន្លងមកថា បើសិនជាការបើកអាជីវកម្មតាមផ្សារឡើងវិញ មិនមានការត្រួតពិនិត្យម៉ត់ចត់ ការផ្ទុះឡើងវិញនឹងធ្វើឱ្យអាជីវករខាតបង់ពេលវេលា និងបាត់បង់ចំណូលកាន់តែច្រើនឡើងថែមទៀត ដូច្នេះការបើកផ្សារនានាឡើងវិញ គឺត្រូវតែរឹតបន្តឹងទាំងអាជីវករ និងអតិថិជនចេញចូលផ្សារនានាផងដែរ ។
លោកបន្តថា “ការបើកអាជីវកម្មឡើងវិញនៅតាមផ្សារនានា វាពិតជាជួយអាជីវករក្នុងការរកប្រាក់ចំណូលឡើងវិញ ក្រោយពេលបាត់បង់អស់រយៈពេលជាង២ខែមកនេះ ប៉ុន្តែករណីមិនមានវិធានការតឹងរ៉ឹង នោះការឆ្លងរាលដាលឡើងវិញអាចនឹងធ្ងន់ធ្ងរ និងត្រូវបិទខ្ទប់សារជាថ្មី”។
ធនាគារពិភពលោកប្រចាំកម្ពុជាក៏បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពមិនទាន់ច្បាស់លាស់ខ្លាំង ដោយសារតែស្ថានភាពកូវីដ១៩នៅតែបន្តកើនឡើង ជាពិសេសពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគន៍២០កុម្ភៈ២០២១ ។ បើសិនជាស្ថានភាពកូវីដ១៩នៅតែបន្តកើនឡើង ហើយឈានដល់ការបិទខ្ទប់តំបន់ពាណិជ្ជកម្មធំៗ វានឹងប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចមិនអាចសម្រេចបានតាមការគ្រោងទុក ។
លោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានឱ្យដឹងផងដែរថា កំណើនសេដ្ឋកិច្ច៤ភាគរយនៅក្នុងឆ្នាំ២០២១នេះ ទំនងជាពិបាកនឹងសម្រេចបាន ដោយសារតែ ស្ថានភាពកូវីដ១៩នៅតែបន្តរាលដាលខ្លាំង តែបើសិនជាអាចស្ងប់ស្ងាត់ទៅវិញនៅរយៈពេល៣ឬ៤ខែទៀត នោះសេដ្ឋកិច្ចកម្ពុជានឹងស្ដារបានវិញនៅចុងឆ្នាំ៕