ក្រុមហ៊ុន CapitaLand លក់ភាគហ៊ុនក្នុងអគារពាណិជ្ជកម្មឱ្យក្រុមហ៊ុនចិនក្នុងតម្លៃជាង៧ពាន់លានដុល្លារ

0

ដោយៈសុខុម

សិង្ហបុរី: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរី CapitaLand បានព្រមព្រៀងលក់ភាគហ៊ុនរបស់ខ្លួនក្នុងអគារផ្សារទំនើប និងការិយាល័យសរុបចំនួន៦នៅប្រទេសចិន ឱ្យទៅក្រុមហ៊ុនធានារ៉ាប់រងចិន Ping An Life Insurance ក្នុងតម្លៃ៤៦,៧ពាន់លានយ័ន (៧,២ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមទស្សនាវដ្ដី Forbes ចុះផ្សាយនៅថ្ងៃទី២៨ មិថុនាកន្លងមកនេះ។

ក្រោយការដកទុនចេញនេះ ក្រុមហ៊ុន CapitaLand និយាយថា ខ្លួននឹងនៅតែរក្សាទុកភាគហ៊ុនចន្លោះពី១២,៦% ទៅ៣០% ក្នុងអគារផ្សារទំនើប ដែលមានម៉ាកយីហោ Raffles City នៅក្រុងប៉េកាំង ក្រុងឈឹងទូ (Chengdu) ក្រុងហាងចូវ (Hangzhou) ក្រុងនីងប៉ (Ningpo) និងក្រុងសៀងហៃ។ ក្រុមហ៊ុននេះ ក៏នឹងបន្តផ្ដល់សេវាគ្រប់គ្រងទ្រព្យសកម្មសម្រាប់អគារទាំងនេះផងដែរ និងទទួលបានប្រាក់ចំណូលពីថ្លៃ សេវាគ្រប់​គ្រងនេះ។

លោក Puah Tze Shyang នាយកប្រតិបត្តិនៃក្រុមហ៊ុន CapitaLand China ប្រចាំប្រទេសចិនបានលើកឡើងថា ដំណើរការលក់ភាគហ៊ុន ដែលតាមការរំពឹងថា នឹងបញ្ចប់ជាស្ថាពរនៅក្នុងត្រីមាសទី៣ ចុងឆ្នាំនេះនឹងធ្វើឱ្យក្រុមហ៊ុន CapitaLand ទទួលបានប្រាក់ចំណេញសុទ្ធ១,៥ពាន់លានដុល្លារអាមេរិក។

លោកបានបន្ថែមថា ប្រាក់ចំណេញដែលទទួលបាន ពីការដកទុននេះនឹងត្រូវយកទៅប្រើប្រាស់ សម្រាប់ជួយគាំទ្រដល់ការវិនិយោគ នាថ្ងៃអនាគតលើទ្រព្យសកម្មថ្មីៗ ដូចជា សួនឧស្សាហកម្ម មជ្ឈមណ្ឌលភ័ស្តុភារ និងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យជាដើម។ ទន្ទឹមនេះ ក្រុមហ៊ុន CapitaLand ក៏មានគោលដៅបង្កើនការវិនិយោគរបស់ខ្លួន លើទ្រព្យសកម្មទាំងនេះ ពីតម្លៃជាង១,១ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំមុនឱ្យឈានដល់ជាង៣,៧ពាន់លានដុល្លារអាមេរិកផងដែរ។

ក្រុមហ៊ុន CapitaLand បានបង្កើនចំណូល៨,៣៤ពាន់លានដុល្លារអាមេរិក ពីការលក់ទ្រព្យសកម្មនៅឆ្នាំនេះ ពោលគឺច្រើនជាង៣ដង បើធៀបនឹងគោលដៅលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលកំណត់ត្រឹម២,២៣ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនអចលនទ្រព្យយក្ស ដែលមានក្រុមហ៊ុនវិនិយោគរដ្ឋរបស់សិង្ហបុរី Temasek Holdings ជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ខ្លួននេះ កាន់កាប់ និងគ្រប់គ្រងអចលទ្រព្យទូទាំងពិភពលោក ក្នុងតម្លៃសរុបប្រមាណ១០២,៥ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here