ដោយៈគង់ សូរិយា
ភ្នំពេញៈ កោះតេជោមរកត ហៅកោះពស់ នៅក្នុងក្រុងព្រះសីហនុបានងើបឡើងវិញហើយ ខណៈគំរោងអចលនទ្រព្យនៅលើកោះនេះ បានចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍ឡើងវិញ។
បច្ចុប្បន្នក្រុមហ៊ុនមួយ បាននិងកំពុងអភិវឌ្ឍន៍គំរោងវីឡាប្រណីតនៅលើកោះមរកតនេះ ដោយបានអភិវឌ្ឍន៍គម្រោងផ្ទះវីឡារីសតលំហែកាយលក្ខណៈអភិជន ប្រកបទៅដោយឯកជនភាពនៅ លើ កោះនេះផងដែ រ។ គម្រោងវីឡាបែបប្រណីតនេះមានសរុប៣៦ខ្នង សុទ្ធសឹងតែ នៅ ជាប់មាត់សមុទ្រ និងបែងចែកចេញជា៥ប្រភេទ។
ប្រភេទវីឡាទាំងអស់សុទ្ធតែ បានរចនាយ៉ាងផ្ចិតផ្ចង់ ដោយផ្តោតទៅលើគុណភាព និងការរស់នៅ បែបស៊ីវីល័យជាពិសេ សជាមួយនឹងទេសភាពឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រពណ៌ខៀវស្រងាត់ បង្កើតបានជាទេ សភាពអស្ចារ្យមិនអាចកាត់ថ្លៃបាន។ រីឯទំហំផ្ទះនីមួយៗក៏សុទ្ធតែធំៗ ពោលគឺរហូតដល់ ៥៦៥ម៉ែត្រការ៉េ ងាយស្រួលក្នុងការរស់នៅ និងកំសាន្តអារម្មណ៍ បន្ទាប់ពីទំនេរពីការប្រកបរបររបស់លោក អ្នក។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នក្រុមហ៊ុនKoh Pous Investment Groupដែលជាក្រុមហ៊ុនរបស់រុស្ស៊ី បានចែកកោះនេះទៅក្រុមហ៊ុនក្នុងស្រុកចំនួនពីរ ដើម្បីអភិវ ឌ្ឍន៍កោះនេះ ហើយបច្ចុប្បន្នក្រុមហ៊ុនទាំងបី កំពុងសាងសង់វីឡា រមណីយដ្ឋាន និងរៀបចំឆ្នេរខ្សាច់នៅលើកោះនេះឲ្យកាន់តែមានភាពស្រស់ស្អាត។
លោកបន្តថា “កោះនេះមានទំហំ១១៦ហិកតា មានសកម្មភាពអភិវឌ្ឈន៍វិញហើយ ប៉ុន្តែស្ពានតភ្ជាប់ពីដីគោក ទៅកាន់កោះនេះមិនទាន់ឲ្យមានអ្នកឆ្លងទេ លើកលែងតែពេលមានពិធីបុណ្យទានម្តងៗ ក្រុមហ៊ុនអនុញ្ញាត្តឲ្យមានអ្នកទៅទស្សនា”។ លោកបន្តថា “យ៉ាងណាក៏ដោយ ការចូលទៅទស្សនាកំសាន្តនៅលើកោះ មិនទាន់មានការអនុញ្ញាត្តទេ ដោយសារក្រុមហ៊ុនកំពុងសាងសង់ និងមានគ្រឿងចក្រច្រើន”។
លោកឃាង ភារម្យបានបន្តថា “ការអភិវឌ្ឍកោះពស់ នឹងរួមចំណែកទាក់ទាញទេចរណ៍ជាតិ អន្តរជាតិជាច្រើនទៀតនាពេលអនាគត”៕