មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលៈពេលនេះយើងចូលដល់បន្ទាត់ក្រហមហើយ និងអាចបិទសកម្មភាពសេដ្ឋកិច្ចឡើងវិញ

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា រយៈពេលប៉ុន្មានថ្ងៃមកនេះ ឃើញថា តួលេខអ្នកឆ្លងថ្មីកាន់តែច្រើនឡើងៗ ខ្ទង៧០០ ទៅជាង៨០០នាក់ក្នុងមួយថ្ងៃ ដែលធ្វើឱ្យមន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាលព្រមានថា ស្ថានភាពកូវីដ១៩នៅកម្ពុជាកំពុងស្ថិតនៅក្នុងបន្ទាត់ក្រហម។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវឱ វណ្ណឌីនបានមានប្រសាសន៍៍ថា “យើងនឹងអាចឈានទៅដល់ហូសបន្ទាត់ក្រហម ហើយអាចនឹងបិទតំបន់ជាបន្តបន្ទាប់ឡើងវិញ ដើម្បីទប់ស្កាត់ឆ្លងរាលដាលកាន់តែធំ”។

លោកស្រីឱ វណ្ឌឌីនបានបន្តថា ពេលនេះយើងចូលទៅដល់បន្ទាត់ក្រហមហើយ ហើយបើកាលណា យើងឈានលើសពីបន្ទាត់ក្រហមហើយ គឺពិបាកគ្រប់គ្រងណាស់ ។ បើសិនជាស្ថានភាពអាចឈានទៅលើសបន្ទាត់ក្រហម។ វានឹងចូលទៅដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍របស់យើង។

លោកជំទាវបន្តដោយព្រមានថា “នៅពេលនោះ មន្ទីរពេទ្យតាមមូលដ្ឋានគឺហួសពីសមត្ថភាពទៅហើយ ពីព្រោះអ្នកជំងឺកាន់តែច្រើន អ្នកស្លាប់បាត់​បង់ជីវិតក៏នឹងកើនឡើង។ អ្វីដែលពិសេសនោះ គឺប្រជាពលរដ្ឋកម្ពុជាទាំងអស់ នឹងពិបាកប្រកបរបររកទទួលទានប្រចាំថ្ងៃ”។ លោកជំទាវបន្តថា “បើកាលណាស្ថានភាពកូវីដ១៩ កាន់តែវាយលុកខ្លាំង ជៀសមិនផុតពីការបិទតំបន់បិទអាជីវកម្មបន្តទៀតនោះទេ ដើម្បីទប់កុំឱ្យមេរោគឆ្លងទៅទៀត។

ដូច្នេះផលប៉ះពាល់នេះពិតជាធំណាស់ ទាំងសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិទាំងមូល និងបញ្ហាធំនោះគឺ ប៉ះពាលទៅដល់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា”។

នៅក្នុងដំណាក់កាលនេះ បុគ្គលម្នាក់ៗគឺជាអ្នកចូលរួមទប់ស្កាត់កូវីដ១៩ ពីការវាយលុកដ៏សំខាន់ បើសិនជាមិនមានការចូលរួមពីបុគ្គលម្នាក់ៗនោះទេ ការវាយលុកនៃកូវីដ១៩នឹងកាន់តែខ្លាំងហើយការស្លាប់នឹងកើនឡើង ធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្ស៊ី វិស្សុតរដ្ឋលេខាការក៏បានបញ្ជាក់ថា បើសិនជាស្ថានភាពកូវីដ១៩ កាន់តែមានលក្ខណៈទ្រង់ទ្រាយធ្ងន់ធ្ងរ ឬដូចបច្ចុប្បន្ននេះ ការសម្រេចបាននូវកំណើន៤ភាគរយ តាមការព្យាករណ៍របស់រដ្ឋាភិបាលក៏ដូចជា ស្ថាប័នអន្តរជាតិធំៗពិបាកនឹងសម្រេចបានណាស់។ ដូច្នេះការទប់ស្កាត់កូវីដ១៩បានល្អប្រសើរ នឹងជំរុញកំណើនសេដ្ឋកិច្ចអាចសម្រេចបានទៅតាមផែនការ។

ធនាគារពិភពលោកប្រចាំកម្ពុជា រហូតមកដល់ពេលនេះ ក៏មិនទាន់ច្បាស់លាស់១០០ភាគរយពីការព្យាករណ៍របស់ខ្លួននៅឡើយ ដោយលើកយកនូវសេណារីយ៉ូពីរមកព្យាករណ៍ ពីកំណើនសេដ្ឋកិច្ចកម្ពុជា ដោយសេណារីយោទី១ គឺកើន៤ភាគរយនិងមួយទៀតគឺកើនក្នុងកម្រិត១ភាគរយប៉ុណ្ណោះក្នុងឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here