ដោយៈគង់ សូរិយា
កណ្តាលៈ អ្នកអភិវឌ្ឍន៍បុរី GB Residence បានចំណាយប្រាក់ប្រមាណ១លានដុល្លារអាមេរិក ដើម្បីជួយកសាងផ្លូវភ្លោះប្រវែងជាង១គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
តាមការឲ្យដឹងពីអ្នកជំនាញវិស្វកម្ម នៃគំរោងGB Residence បានមានប្រសាសន៍ឲ្យដឹងថា ការស្ថាបនាផ្លូវប្រឡាយ៨៨នេះ បានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១នេះ និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ។ ផ្លួវដ៏សំខាន់នេះ នឹងសាងសង់ជាមួយនឹងគុណភាព ដើម្បីធានាជាប់ធន់បានយូរ ពិសេសផ្លូវនេះមានទទឹងផ្លូវទំហំរហូតដល់១០ម៉ែត្រសងខាង មានសួនច្បារកណ្តាលទំហំ៩,៦ម៉ែត្រ និងបណ្តោយសរុប១០៣៣ម៉ែត្រ។
ផ្លូវដែលកំពុងស្ថាបនានេះស្ថិតនៅចំពីមុខគំរោងបុរីGB Residence និងគំរោងលំនៅដ្ឋាន Five Stars ដែលតភ្ជាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ រហូតដល់ព្រំប្រទល់រវាងខេត្ដកណ្ដាល និងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ បាននិងកំពុងមានភាពរីកចម្រើន និងកំពុងទាក់ទាញគំរោងអភិវឌ្ឍន៍ជាច្រើន ដោយសារតំបន់នេះស្ថិតនៅកៀក នឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី តំបន់នេះក៏ស្ថិតនៅកៀកនឹងរាជធានីភ្នំពេញ ដោយការធ្វើដំណើរចំណាយពេលត្រឹម៥នាទីប៉ុណ្ណោះនឹងចូលមកដល់រាជធានីភ្នំពេញ ពិសេសតំបន់មហាវិថីសម្តេចតេជោហ៊ុន សែនឬផ្លូវ៦០ម៉ែត្រ៕