ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការបានសម្រេចអនុម័តគំរោងវិនិយោគចំនួន១២ ជាមួយទុន១៤០លានដុល្លារអាមេរិក ក្នុងខែមិថុនានេះ។
យោងតាមការចុះផ្សាយរបស់គេហទំព័រCambodiafinancialtimes.com បានឲ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយជាបន្តបន្ទាប់ ក្នុងរយៈពេល១ខែនេះ ឱ្យដឹងថាគម្រោងទាំងពីរ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍ចេញវិញ្ញាបនបត្រ ចុះបញ្ជីវិនិយោគជាផ្លូវការរួមមាន ទី១- គម្រោងបង្កើតរោងចក្រផលិត អំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាកខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក ។
ទី២- គម្រោងបង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយ ផាក ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាមេរិក ។ ទី៣- គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារឹម ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៣,១លានដុល្លារអាមេរិក ។
ទី៤- គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន (កង់) ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រយានគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង មានដើមទុនវិនិយោគប្រមាណ១៣,៩លានដុល្លារអាមេរិក ។
ទី៥-គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ មានទីតាំងនៅខេត្តកំពង់ស្ពឺ មានទុនវិនិយិោគប្រមាណ៥លានដុល្លារអាមេរិក ។ ទី៦-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាងនៅក្រុងតាខ្មៅខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក។ ទី៧-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅស្រុកបាទីខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ៤,៣លានដុល្លារអាមេរិក ។
ទី៨-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពួក និងស្រោមខ្នើយ មានទីតាំងវិនិយោគនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៨,២លានដុល្លារអាមេរិក ។ ទី៩-គម្រោងបង្កើតរោងចក្រផលិតវ៉ាលី និងកាបូបគ្រប់ប្រភេទ មានទីតាំងនៅស្រុកអង្គស្នួលខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក ។
ទី១០- គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព មានទីតាំងនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក ។ ទី១១-គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ មានទីតាំងនៅស្រុកសំរោងទងខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៦,៥លានដុល្លារអាមេរិក និងទី១២-គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម មានទីនៅបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភ្នំពេញមានទុនវិនិយោគប្រមាណ៧៩លានដុល្លារអា ។
លោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩បែបនេះក្ដី តែកម្ពុជានៅតែទទួលបានគម្រោងវិនិយោគវិនិយោគពីបរទេសជាបន្តបន្ទាប់ ក្នុងនោះភាគច្រើននៃវិនិយោគិនបរទេសគឺជាជនជាតិចិន ដែលធ្វើឱ្យចិន ក្លាយជាដៃគូវិនិយោគនិងពាណិជ្ជកម្មដ៏សំខាន់មួយ ក្នុងការរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕