ដោយៈ ប៊ី
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ ន្ធវីដេអូ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅវេលាម៉ោងប្រមាណ៨,៣០នាទីព្រឹក។ ទន្ទឹមនឹងកិច្ចប្រជុំនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានការថ្លែងសារពិសេសពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាផងដែរ។
ប្រទេសកម្ពុជា មកដល់ពេលនេះ បាននិងកំពុងរងការរាតត្បាតពីជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ការរីករាលដាលនៃជំងឺឆ្លងសាកលមួយនេះ មិនទាន់ស្រាកស្រាននៅឡើយនោះទេ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាឆ្លងនៃជំងឺកំពុងស្ទុះឡើងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។
ក្នុងនោះនៅថ្ងៃទី២៩ ខែមិថុនា កម្ពុជាបានរកឃើញអ្នកឆ្លងរហូតដល់ទៅជាង ១១០០នាក់។ កម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា បានរកឃើញអ្នកឆ្លងសរុប ៥០,៣៨៥នាក់។ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤,១៤៣នាក់ និងស្លាប់សរុបចំនួន៦០២នាក់។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាល បានប្រឹងប្រែងដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីទប់ទល់ការរីករាលដាល និងបានប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះកម្ពុជា រកបានវ៉ាក់សាំងបានជាង១១លានដូស ហើយចាក់ជូនប្រជាពលរដ្ឋបានជាង៤លាននាក់រួចហើយ៕