រោងចក្រផលិតសំបកកង់យានយន្តតម្លៃ៣៥០លានដុល្លារប្រកាសបញ្ជាទិញកៅស៊ូ១០០ភាគរយនៅកម្ពុជា

0

ដោយៈ ម៉ាណេត

ស្វាយរៀងៈ រោងចក្រផលិតសំបកកង់យានយន្ត ដែលបានបោះវិនិយោគប្រមាណ៣៥០លានដុល្លារអាមេរិកនៅកម្ពុជា ប្រកាសថានឹងបញ្ជាទិញកៅស៊ូក្នុងស្រុក១០០%សម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើម ក្នុងការផលិតសំបកកង់យានយន្ត។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូ CDC បំពេញទស្សនកិច្ចការងារ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់រោងចក្រ របស់ក្រុមហ៊ុន Cart Tire Co., Ltd និងក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd ដោយមានការចូលរួមពីលោកហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង និងតំណាងក្រសួង ស្ថាប័នប្រចាំការនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ និងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត។

ក្រុមហ៊ុន Cart Tire Co., Ltd ជាក្រុមហ៊ុនមកពីប្រទេសចិន និងធ្លាប់បានវិនិយោគនៅប្រទេសវៀតណាមតាំងពីឆ្នាំ២០១១ ហើយនៅឆ្នាំ២០២១នេះ ក្រុមហ៊ុនបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បង្កើតរោងចក្រផលិតសំបកកង់យានយន្ត ក្នុងទុនវិនិយោគប្រមាណ៣៥០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ៥០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង៤.០០០កន្លែងជូនដល់ដល់កម្មករនិយោជិត។

លោក សុខ ចិន្តាសោភា បានសម្តែងការស្វាគមន៍គម្រោងវិនិយោគ របស់ក្រុមហ៊ុនដែលនឹងចូលរួមចំណែក ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន Cart Tire Co., Ltd ដែលនឹងបញ្ជាទិញកៅស៊ូក្នុងស្រុក ១០០% សម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើម ក្នុងការផលិតសំបកកង់យានយន្ត ដោយនៅឆ្នាំទី១ ក្រុមហ៊ុននឹងត្រូវការកៅស៊ូប្រមាណ ៥០ ០០០តោន ហើយនៅឆ្នាំទី៥ តម្រូវការនឹងកើនឡើងរហូតដល់ ១៥០ ០០០តោន ស្មើនឹងប្រមាណ៤៣ភាគរយ នៃផលិតកម្មកៅស៊ូក្នុងស្រុកសរុបឆ្នាំ២០២០។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានសំណូមពរក្រុមហ៊ុនទាំងពីរ ធ្វើយ៉ាងណាជៀសវាង ឱ្យខាងតែបាននូវផលប៉ះពាល់បរិស្ថាន តាមរយៈការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក៏ដូចជាការធ្វើប្រព្រឹត្តិកម្មសំណល់គ្រប់ប្រភេទ និងសហការជាមួយគ្រប់គ្រឹះស្ថានអប់រំ នៅក្នុងខេត្តស្វាយរៀង ជាពិសេស សាកលវិទ្យាល័យ ស្វាយរៀង និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីផ្តល់ឱកាសការងារដល់ ក្មួយៗនិស្សិត។

លោកបន្តថា ដើម្បីលើកទឹកចិត្តដល់វិនិយោគិន សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី ដែលនឹងត្រូវគោរពដាក់ ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងពិភាក្សានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ នឹងផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន តាមរយៈការអនុញ្ញាតឱ្យកាត់កងចំណាយរហូតដល់១៥០% ពីមូលដ្ឋានគិតពន្ធ ចំពោះការចំណាយលើមធ្យោបាយដឹកជញ្ជូន ប្រកបដោយផាសុកភាពដល់កម្មករនិយោជិត ការសាងសង់កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ ឬអាហារដ្ឋានដែលមានតម្លៃសមរម្យ ជាដើម។

ជាការឆ្លើយតបនឹងសំណូមពររបស់លោករដ្ឋមន្ត្រី ក្រុមហ៊ុន Cart Tire Co., Ltd បានជម្រាបជូនថា ក្រុមហ៊ុនបានមានកិច្ចសហការល្អ ជាមួយគ្រឹះស្ថានអប់រំ ក៏ដូចជាសា​កលវិទ្យាល័យស្វាយរៀងរួចហើយ ដើម្បីស្វែងរកសិស្ស/និស្សិត ឱ្យមកបម្រើការងារនៅក្នុងរោងចក្រ។

ទន្ទឹមនឹងនេះដែរ តំណាងក្រុមហ៊ុនទាំងពីរ បានសម្តែងការស្វាគមន៍សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី និងបានសន្យាថានឹងយកចិត្តទុកដាក់ ក្នុងការចាត់វិធានការការពារបរិស្ថាន និងលើកកម្ពស់សុខុមាលភាព របស់បងប្អូនកម្មករនិយោជិត។ ជាក់ស្តែង ក្រុមហ៊ុនទាំងពីរបានឱ្យដឹងថា ក្រុមហ៊ុនកំពុងសាងសង់កន្លែងស្នាក់នៅ របស់កម្មករ និយោ​ជិតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here