ក្រុមហ៊ុនឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ចិនគ្រោងវិនិយោគលើស្ថានីយនាំចូលនៅកម្ពុជា

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន CNOOC Gas & Power ដែលជាអ្នកអភិវឌ្ឍន៍គម្រោងឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ប្រទេសចិន កំពុងពិចារណាវិនិយោគលើស្ថានីយនាំចូលឧស្ម័នធម្មជាតិ ដែលនឹងត្រូវសាងសង់នៅរាជធានីភ្នំពេញ។ នេះបើយោងតាមការចេញផ្សាយរបស់ Upstreamonline កាលពីថ្មីៗនេះ។

ប្រភពមួយចំនួន ដែលដឹងច្បាស់ពីគម្រោងនេះបាននិយាយថា ក្រុមហ៊ុនកំពុងរៀបចំទិញភាគហ៊ុននៅក្នុងស្ថានីយ ដែលជាផ្នែកមួយនៃកម្មវិធីខ្សែប្រវ៉ាត់ និងផ្លូវ (Belt & Road) របស់ចិន ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកល ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចិនក្នុងឆ្នាំ២០១៣ដើម្បីវិនិយោគនៅក្នុងជិត៧០ប្រទេស និងអង្គការអន្តរជាតិ។

ទំហំភាគហ៊ុន ដែលក្រុមហ៊ុន Offshore Oil Engineering Company (COOEC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CNCNOOC Gas & Power បានបញ្ចប់ការសិក្សាការទិញភាគហ៊ុន ហើយជាមួយគ្នានេះដែរ ក៏បានបញ្ចប់ការរចនាមូលដ្ឋានសាងសង់សម្រាប់ស្ថានីយនេះផងដែរ។

ការសិក្សានេះផ្តោតលើហេដ្ឋារចនាសម្ព័ន្ធរបស់ស្ថានីយរួមទាំងកប៉ាល់ដឹកទំនិញ និងឃ្លាំង ដែលមានសមត្ថភាពផ្ទុកឧស្ម័នធម្មជាតិ២២០.០០០ម៉ែត្រគូប។

ទោះបីជាយ៉ាងណា ទំហំភាគហ៊ុន ក្រុមហ៊ុន CNOOC Gas & Power កំពុងពិចារណាក្នុងការទិញយក មិនទាន់ត្រូវបានបង្ហាញថា មានទំហំទឹកប្រាក់ប៉ុន្មាននោះទេ។

ប្រភពបានឱ្យដឹងថា ក្រុមហ៊ុន COOEC កំពុងរង់ចាំការសម្រេចចិត្តវិនិយោគចុងក្រោយពីម្ចាស់ក្រុមហ៊ុនហ្គាសធម្មជាតិកម្ពុជា (CNGC) និងអាចនឹងបញ្ចប់ដំណើរការរៀបចំដំណើរការនៃការវិនិយោគដោយក្រុមហ៊ុន CNOOC Gas & Power មុនពេលឈានទៅដំណាក់កាលវិស្វកម្ម លទ្ធកម្ម និងការសាងសង់។

ប្រភពមួយទៀតបានឱ្យដឹងថា “មានការព្រួយបារម្ភថា តម្រូវការឧស្ម័នក្នុងស្រុកនៅក្នុងប្រទេសកម្ពុជាមើលទៅមិនមានទំហំធំគ្រប់គ្រាន់ ដើម្បីសាងសង់ស្ថានីយហ្គាសធំមួយនោះទេ”។

នៅខែឧសភាឆ្នាំ ២០១៩ ក្រុមហ៊ុន CNGC ស៊ីបានទទួលការអនុញ្ញាតពីរដ្ឋាភិបាល ដើម្បីបន្តគម្រោងឧស្ម័នធម្មជាតិ ៣ដំណាក់កាលនៅរាជធានីភ្នំពេញ។

ដំណាក់កាលទី១ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ គឺពាក់ព័ន្ធនឹងការនាំចូលឧស្ម័ន LNG ដោយក្រុមហ៊ុន CNGC តាមរយៈការដឹកជញ្ជូនតាមកុងតឺន័រ។

ក្នុងដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ក្រុមហ៊ុនCNGC គ្រោងនឹងសាងសង់រោងចក្រផលិតថាមពលអគ្គីសនីដោយប្រើហ្គាស និងផ្គត់ផ្គង់ហ្គាស។ តំណាក់កាលទី៣ នឹងសាងសង់ស្ថានីយនាំចូលមួយដែលមានសមត្ថភាពនាំចូល៣លានតោន ក្នុងមួយឆ្នាំ ចន្លោះពីឆ្នាំ២០២៤ និង២០២៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here