ស្ពានឆ្លងកាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ទាំងអស់សម្រេចស្ទើ១០០ភាគរយ ខណៈវិស័យអចលនទ្រព្យលើផ្លូវនេះកំពុងរីកចម្រើន

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន១០០ភាគរយ ខណៈអ្នកជំនាញបានឱ្យដឹងថា វិស័យអចលនទ្រព្យ ពិសេសដីធ្លី នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងនេះ និងជាយក្រុងនៅតែមានសន្ទុះរីកចំរើនច្រើន។

យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២១ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។

អ្នកជំនាញលើវិស័យអចលនទ្រព្យ ដែលកំពុងទទួលបានផលពីការពង្រីកផ្លូវក្រវ៉ាត់ក្រុងនេះបានបញ្ជាក់ថា វិស័យអចលនទ្រព្យកំពុងតែមានកំណើនខ្លាំងក្លា ដែលទាមទារឲ្យពង្រីកទំហំក្រុងបន្ថែមទៀត ដើម្បពង្រីកទំហំវិនិយោគឲ្យកាន់តែច្រើន។ គេក៏រំពឹងផ្លូវក្រវ៉ាត់ក្រុងដ៏ធំមួយនេះ នឹងបន្តជម្រុញទាំងចំនួន និងតម្លៃអចលនទ្រព្យនៅក្នុងតំបន់នោះឲ្យកើនឡើងផងដែរ។

អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ លោកស្រីអាន សុធិតា បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះថា ការធ្វើប្រតិបត្តិការ និងការវិនិយោគដីធ្លីនៅតាមជាយក្រុង ជាពិសេសនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ហាក់មានសន្ទុះរីកចម្រើនខ្លាំងជាងនៅក្នុងទីក្រុងភ្នំពេញ។

លោកស្រីបន្តថា “មានកត្តាជាច្រើន ដែលធ្វើឱ្យការធ្វើប្រតិបត្តិការវិនិយោគលើវិស័យដីធ្លីនៅតាមជាយក្រុង និង នៅតាមផ្លូវក្រវ៉ាត់ក្រុងមានការកើនឡើង ដោយសារតែតម្លៃដីនៅក្នុងទីក្រុងមានការកើនឡើងខ្ពស់ និងមានតម្រូវការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។

ជាមួយគ្នានេះ លោក ស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុន Chailin Sear Realty Co., Ltd បានឯកភាពជាមួយលោកស្រីអាន សុធីតាដែរថា នាពេលបច្ចុប្បន្ននេះសន្ទុះ នៃការប្រតិបត្តិការទិញលក់អចលនវត្ថុ នៅតាមជាយក្រុង គឺមានសន្ទុះរីកចំរើនខ្លាំងជាង នៅក្នុងទីក្រុងភ្នំពេញ ជាពិសេសដីធលីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង។

លោកពន្យល់ថា “មូលហេតុដែលធ្វើឱ្យដីធ្លី នៅតាមជាយក្រុងមានសន្ទុះរីកចំរើនខ្លាំងជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ គឺដោយសារមានហេដ្ឋារចនាសម្ព័ន្ធល្អ តម្លៃដីធ្លីស្ថិតនៅក្នុងតធូថ្លៃជានៅក្នុងក្រុង និងជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលរដ្ឋាភិបាលបាននឹងកំពុងអនុវត្ត ដោយមិនមែនស្ថិតនៅក្នុងគម្រោង”។

លោកបន្តថា មូលហេតុដែលការទិញលក់ដីធ្លី នៅក្នុងក្រុងធ្លាក់ចុះ ដោយសារតែតម្លៃដីខ្ពស់ អ្នកដែលចង់ទិញហើយខ្វះទីផ្សារ ក្នុងការវិនិយោគ ដូចជាការសាងសង់អគារខ្ពស់ៗ និងមនុស្សមួយចំនួនសម្រុកទិញផ្ទះក្នុងបុរីជាដើម។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រ​វែងសរុប៥២,៩៨៣គីឡូ ម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូ ម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់២២សង់ទី ម៉ែត្រ និងផ្លូវខ្នែងប្រវែង ៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលផ្លូវក្រវាត់ក្រុងខ្សែទី៣នេះតភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើ ឱ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ (ស្ពានទន្លេបាសាក់ខាងកើត និងខាង លិចកំពុងសាងសង់) ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណត ផែកុងតេន័រថ្មីរបស់កំពងផែស្វ័​យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវ អាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀបសំខាន់ៗ (របៀងកណ្តាល និង របៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។

គម្រោងផ្លូវនេះ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ (PK:១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅចំណុចផ្លូវជាតិលេខ១ (PK២៤+៨៤០) ស្ថិតក្នុងភូមិ ស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ) និងផ្លូវជាតិលេខ១ (PK៣០+១៤០) ស្ថិត ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវខ្នែង)។

គម្រោងសាងសង់ផ្លូវនេះ គ្រោងចំណាយថវិកាសរុបប្រមាណ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំ​ណង់Shanghai Construction Group Co., Ltd និងតម្លៃត្រួត ពិនិត្យគម្រោង ៥,៣៨ លានដុល្លារអាមេរិក ដោយក្រុមហ៊ុនGuangzhou Wanan Construction Supervision Co., Ltd និងចំណាយរយៈ ពេលសាងសង់ចំនួន៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។

ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះមានអត្ថប្រយោជន៍ ជួយដល់ការចូលរួមចំណែកកាត់បន្ថ​យ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើររបស់បង ប្អូនប្រជាពលរដ្ឋក្នុងរាជធានីបន្ថែមទៀត ខណៈពេលដែលរាជធានីភ្នំពេញ កំពុងត្រូវបានពង្រីកកាន់តែធំទៅៗ ស្របតាមកំណើនប្រជាជន និងការអភិវឌ្ឍ ដែលធ្វើឱ្យចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតាមដងផ្លូវជួបប្រទះនូវការកកស្ទះចរា​ចរណ៍ជាញឹកញាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here